COVID-19 កំពុងវាយលុកពានរង្វាន់ UEFA EURO 2020 និងក្របខ័ណ្ឌកំពូលទាំង៥របស់អឺរ៉ុប
វីរុសកូរ៉ូណា (COVID-19) បាននឹងកំពុងវាយលុកយ៉ាងខ្លាំងនៅតំបន់អឺរ៉ុបប៉ុន្មានសប្តាហ៍ចុងក្រោយមកនេះ ដោយនៅក្នុងពិភពបាល់ទាត់ក៏កំពុងតែវឹកវរផងដែរដោយសារវីរុសខាងលើនេះ។
ជាក់ស្តែងនៅក្នុងព្រឹត្តិការណ៍ EURO 2020 អាចនឹងធ្វើការពន្យារពេលទៅធ្វើនៅឆ្នាំក្រោយវិញ ក្រោយពីមានការស្នើរបស់សហព័ន្ធបាល់ទាត់ប្រទេសមួយចំនួន ដោយសារតែបញ្ហាជំងឺកូរ៉ូណាវាយលុយតាមបណ្តាទ្វីបអឺរ៉ុប។ យ៉ាងណាក្តីស្ថាប័ន UEFA នឹងសម្រេចលើបញ្ហានេះជាផ្លូវការនៅសប្តាហ៍ក្រោយ ថាគួរតែបន្តលេងឆ្នាំនេះ ឬលើកទៅឆ្នាំក្រោយតាមសំណើរ។
ក្បាលម៉ាស៊ីនបាល់ទាត់អឺរ៉ុបក៏មានគម្រោងផ្អាកការប្រកួតពានរង្វាន់ UEFA Champions League និង UEFA Europa League ជាបណ្តោះអាសន្នសិនផងដែរ ស្របពេលដែលការប្រកួតមួយចំនួនត្រូវបានផ្អាក។
ដោយឡែកក្របខ័ណ្ឌ Premier League គឺនឹងលេងដោយបិទទ្វារគ្មានអ្នកគាំទ្រចូលទស្សនាដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា ខណៈបច្ចុប្បន្ននេះគ្រូបង្វឹក Mikel Arteta របស់ Arsenal និងខ្សែបម្រើ Callum Hudson-Odoi របស់ Chelsea ត្រូវបានគេរកឃើញថាមានភាព វិជ្ជមាននៃវីរុសកូរ៉ូណា ហើយសមាជិក៣រូបរបស់ Leicester City និងខ្សែការពារ Benjamin Mendy កំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកដើម្បីតាមដានស្ថានភាព។
ចំណែកឯនៅក្របខ័ណ្ឌ Serie A វិញត្រូវបានផ្អាកជាបណ្តោះអាសន្នរហូតដល់ខែមេសាខាងមុខនេះ ដោយសារតែការរីករាលដាលវីរុសកូរ៉ូណាខ្លាំងពេកនៅក្នុងប្រទេសអ៊ីតាលី ដោយឥឡូវនេះខ្សែការពារ Daniele Rugani របស់ Juventus និងខ្សែប្រយុទ្ធ Manolo Gabbiadini របស់ Sampdoria ត្រូវបានគេធ្វើតេស្តរកឃើញថាមានភាព វិជ្ជមាន នៃវីរុស COVID19។
សម្រាប់ក្របខ័ណ្ឌ La Liga ក៏បានប្រកាសផ្អាករយៈពេល២សប្តាហ៍ដោយការប្រកាសរបស់រាជរដ្ឋាភិបាល ក្រោយពីវីរុសកូរ៉ូណាបានរាលដាលខ្លាំងពេកនៅក្នុងប្រទេសអេស្ប៉ាញ ខណៈការប្រកួតក្របខ័ណ្ឌ Ligue 1 និងក្របខ័ណ្ឌ Bundesliga ត្រូវលេងដោយបិទទ្វារហើយកំណត់អ្នកគាំទ្រចូលរួមទស្សនា។