រកឃើញក្រុមទាំង ៨ ដែលត្រូវតទល់គ្នាក្នុងពាន Hun Sen Cup ថ្នាក់ខេត្តហើយ
បន្ទាប់ពីការប្រកួតសប្តាហ៍ទី៦ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាល២០២០ បានបញ្ចប់វគ្គចែកពូលរួចរាល់ កាលថ្ងៃពុធ ទី១១ ខែមីនា និងរកឃើញក្រុមចំណាត់ថ្នាក់លេខមួយតាមពូលទាំង៥ ព្រមទាំងក្រុមលេខពីរល្អផងដែរ ដែលត្រូវឡើងមកប្រកួតគ្នាវគ្គ១ភាគ៤។
ក្រោយបញ្ចប់សប្តាហ៍ទី៦ យើងរកឃើញក្រុមជម្រើសខេត្ត កំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ស្ពឺ និងកែប គ្រងតំណែងលេខមួយតាមពូលរៀងៗខ្លួន ស្របពេលដែលក្រុមខេត្ត ត្បូងឃ្មុំ, កោះកុង និង កណ្ដាល បញ្ចប់នៅចំណាត់ថ្នាក់លេខពីរល្អ មានឱកាសឡើងទៅបង្គ្រប់វគ្គ ៨ ក្រុមចុងក្រោយ ដើម្បីធ្វើការប្រកួតប្តូទឹកដីគ្នាឡើងទៅវគ្គបន្ទាប់ទៀត។
សម្រាប់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបែងជាពីរដំណាក់កាល គឺថ្នាក់ខេត្ត និងថ្នាក់ជាតិ។ សម្រាប់ថ្នាក់ខេត្តដំណើរការពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ដល់ថ្ងៃទី២០ ខែឧសភា ដោយមាន ១៧ ក្រុម ចូលរួម បែងចែកជា ៥ ពូល ប្រកួតជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ៕