កៅអីរបស់ Ole ឡើងកម្តៅម្តងទៀតខណៈដែលលោក Allegri នឹងត្រឡប់មករកការងារធ្វើជាអ្នកដឹកនាំក្លឹបនៅអំឡុងខែកញ្ញា
(BC-99)
លោក Massimiliano Allegri បានធ្វើការប្រកាសថាខ្លួននឹងចូលប្រឡូកការងារក្នុងនាមជាអ្នកដឹកនាំក្រុមបាល់ទាត់វិញនៅអំឡុងខែ កញ្ញា ខាងមុខនេះ។ នេះគឺជាដំណឹងដែលធ្វើអោយអ្នកចាត់ការទូទៅរបស់ក្លឹបកំពូលៗមួយចំនួននៅអឺរ៉ុបមានការប្រុងប្រយ័ត្នជាខ្លាំង។
វាអាចមានការពាក់ព័ន្ធខ្លាំងជាងគេជាមួយក្រុមបិសាចក្រហម Manchester United ដែលធ្លាប់មានលេចឮព័ត៌មានស្តីពីការដោះដូរតំណែងជាអ្នកគ្រប់គ្រងនាពេលកន្លងមក។ ហេតុដូចនេះហើយទើបធ្វើអោយការប្រកាសចូលមកប្រឡូកការងារឡើងវិញរបស់លោក Allegri ត្រូវបានគេយកមកធ្វើជាចំនុចរសើបរបស់លោក Ole Gunnar Solksjaer ដែលមិនអាចទាក់ទាញចំណាប់អារម្មណ៍ពីអ្នកគាំទ្ររបស់ក្រុមខ្លួនបាន។ មិនទាន់មានការបញ្ជាក់ណាមួយដែលថាលោក Ole Gunnar Solskjaer នឹងត្រូវបណ្តេញចេញនោះទេប៉ុន្តែវាអាចនឹងមានការផ្លាស់ប្តូរនៅចុងបញ្ចប់នៃរដូវកាលនេះប្រសិនបើលោកមិនមានសមត្ថភាពជួយអោយក្រុមបិសាចក្រហមអាចចូលរួមប្រកួត Champions League នៅរដូវកាលក្រោយវិញបានទេ។ គេបានមើលឃើញថាអតីតគ្រូបង្វឹក AC Milan និង Juventus លោក Allegri នឹងក្លាយជាអ្នកប្រជែងដ៏ធំមួយសម្រាប់ការងារនេះជាមួយនិងបុរសសញ្ជាតិណ័រវេយស៍ខាងលើ។
ក្នុងកម្មវិធីសម្ពោធសៀវភៅដែលខ្លួនបានសរសេរនៅទីក្រុងប៉ារីស Allegri បាននិយាយពីអនាគតរបស់ខ្លួនថា៖“ ខ្ញុំគ្មានចំណាប់អារម្មណ៍ចំពោះ PSG ទេ។ ខ្ញុំមកប៉ារីសគ្រាន់តែបង្ហាញសៀវភៅរបស់ខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំក៏មិនទាន់ចង់ធ្វើជាអ្នកដឹកនាំក្លឹបបាល់ទាត់នៅពេលនេះដែរ ប៉ុន្តែខ្ញុំនៅក្នុងខែកញ្ញាខ្ញុំត្រូវតែត្រលប់ទៅរកការងារធ្វើវិញ។
មានការចុះផ្សាយព័ត៌មាននៅប្រទេសអ៊ីតាលីដាច់ដោយឡែកមួយទៀតថា បុរសវ័យ៥២ឆ្នាំរូបនេះក៏ជាគោលដៅវឹលត្រឡប់ទៅដឹកនាំ សេះបង្កង់ Juventus សាជាថ្មីវិញដែរដើម្បីជំនួសកៅអីរបស់លោក Maurizio Sarri ដែលកំពុងតែមានបញ្ហាជាមួយក្លិប។