សំបុត្រ ៨០០ សន្លឹករង់ចាំជូនអ្នកគាំទ្រក្នុងជំនួប គិរីវង់សុខសែនជ័យ ជាមួយ ព្រះខ័នរាជស្វាយរៀង
ក្លិបបាល់ទាត់ គិរីវង់សុខសែនជ័យ នឹងបើកកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ សប្តាហ៍ទី២ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅវេលាម៉ោង ៣:៣០ នាទីរសៀល ដែលជាជំនួបក្នុងដីលើកដំបូង។
សម្រាប់ការប្រកួតក្នុងទឹកដីជាលើកដំបូងនៃពានរង្វាន់ខេមបូឌានលីគ២០២០ ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នឹងចែកជូនសំបុត្រចូលរួមទស្សនាចំនួន ៨០០ សំបុត្រ ដោយឥតគិតថ្លៃ ដែលមានការឧបត្ថម្ភដោយ ក្រុមហ៊ុន E-Gate ចំនួន ៦០០ សំបុត្រ និង ក្រុមហ៊ុន Soma Group ចំនួន ២០០ សំបុត្រ។ អ្នកគាំទ្រទាំងអស់អាចមកយកសំបុត្រនៅកីឡដ្ឋាន គិរីវង់សុខសែនជ័យ ផ្ទាល់ ខណៈសំបុត្រទី១ ផ្តល់ជូន ៣០០សំបុត្រ សំបុត្រទី២ ផ្តល់ជូន ៥០០សំបុត្រ នៅថ្ងៃសុក្រទី ២១ ខែកុម្ភៈ នេះ។
គួរំលឹកផងដែរថា គិរីវង់សុខសែនជ័យ កាលពីសប្តាហ៍ទី១ បានទទួលរងបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាធីត ដោយលទ្ធផល ១ទល់០ កំពុងឈរនៅចំណាត់ថ្នាក់លេខ១១ ស្របពេលដែល ព្រះខ័នរាជស្វាយរៀង បានលុតក្រុមភ្ញៀវ សូលទូឡូអង្គរ ៥ទល់១ កំពុងឈរកំពូលតារាង៕