វីរបុរស Everton Cahill ជំរុញឱ្យអ្នកគាំទ្ររួបរួមគ្នាបន្ទាប់ពីលោក Ancelotti ចាកចេញ
(BC-99)
វីរបុរសរបស់ Everton Tim Cahill សង្ឃឹមថាអ្នកគាំទ្រក្លឹបទាំងអស់អាចរួបរួមគ្នាបានបន្ទាប់ពីការចាកចេញរបស់អ្នកចាត់ការ Carlo Ancelotti ។
អ្នកគាំទ្រក្រុមរហស្សនាម Toffees បានរំពឹងថាលោក Ancelotti នឹងដឹកនាំក្លឹបនេះយូរអង្វែងដូចដែលគាត់បានសន្យាថាគាត់នឹងទទួលបន្ទុកចាត់ចែងរហូតដល់ពួកគេផ្លាស់ទៅកីឡដ្ឋានថ្មី។ ប៉ុន្តែការលួងលោមរបស់ Real Madrid បានធ្វើឱ្យលោក Ancelotti បានចាកចេញដោយមិនអាឡោះអាល័យព្រមទាំងចុះហត្ថលេខាលើកិច្ចសន្យាជាមួយ Real Madrid ដែលជាក្លិបចាស់កាលពីថ្ងៃអង្គារកន្លងទៅនេះទៀតផង។
បន្ទាប់ពីមានព័ត៌មានដ៏ភ្ញាក់ផ្អើលនេះមក Tim Cahill បានសរសេរនៅលើគណនីបញ្តាញសង្គមផ្ទាល់ខ្លួនថា “ខ្ញុំធ្លាប់ចំណាយពេលជាមួយ Carlo Ancelotti និងក្រុមការងាររបស់គាត់។ សម្រាប់ពេលខ្លះហើយមើលឃើញពីរបៀបដែលគាត់ធ្វើការខ្ញុំអាចឃើញថាក្លឹបបានធ្វើដំណើរទៅរកទិសដៅត្រឹមត្រូវ។ ការចាកចេញរបស់គាត់ពួកយើងពិតជាសោកសៅណាស់។ រឿងមួយដែលយើងត្រូវធ្វើគឺពួកយើងត្រូវតែរួបរួមគ្នាតែមួយនៅអំឡុងពេលនេះ។”
គួរបញ្ជាក់ថា Tim Cahill ដែលជាអតីតកីឡាករខ្សែប្រយុទ្ធជម្រើសជាតិ អូស្ត្រាលី ដែលធ្លាប់លេងឱ្យក្រុម Everton រយៈពេល៨ឆ្នាំពី ២០០៤ ដល់ ២០១២ ដោយបានបង្ហាញខ្លួនចំនួន ២២៦ ប្រកួតនិងស៊ុតបញ្ចូលទីបានចំនួន ៥៦ គ្រាប់។ Cahill បានបញ្ចប់អាជីពបាល់ទាត់ទាំងស្រុងនៅឆ្នាំ ២០១៩ ជាមួយក្លិបនៅ ឥណ្ឌា Jamshedpur ។