លោក Todd Boehly ប្រហែលជាត្រូវជំនួសដោយអ្នកថ្មីនៅ Chelsea នាពេលខាងមុខ
ចាប់តាំងពីមហាសេដ្ឋីជាតិរុស្ស៊ី Roman Abramovich ត្រូវបានបង្ខំឱ្យលក់ក្លឹប Chelsea ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន ពេលនេះក្លឹបនៅទីក្រុងឡុងដ៍មួយនេះបានធ្លាក់ចូលទៅក្នុងវិបត្តិក្រោមម្ចាស់ថ្មីរបស់ខ្លួនដែលជាអ្នកជំនួញជនជាតិអាមេរិក Todd Boehly ។
វាហាក់ដូចជាយុគសម័យ Boehly នៅ Chelsea ជិតបញ្ចប់ហើយបខណៈដែលព័ត៌មានពី talkSPORT.com បានលើកពីកិច្ចព្រមព្រៀងរវាងក្រុមហ៊ុនមូលធនឯកជន Clearlake Capital និង Boehly ស្តីពីគោលការណ៍គ្រប់គ្រងក្លឹបតាមរបៀបរង្វឹលជុំរៀងរាល់ 5 ឆ្នាំម្តង។
នោះមានន័យថារដូវកាល 2026/27 នាពេលខាងមុខលោក Boehly ប្រហែលលែងជាមនុស្សសំខាន់នៅក្នុងការគ្រប់គ្រងនៅពីក្រោយក្លឹបទៀតហើយ។ តាមពិតទៅបុរសជនជាតិអាមេរិករូបនេះមានភាគហ៊ុនតិចតួចនៅក្នុងក្លឹបប៉ុណ្ណោះតែត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាអ្នកវិនិយោគដើម្បីជាមុខមាត់នៃគម្រោងនេះនិងធ្វើជាអ្នកគ្រប់គ្រង Chelsea ។
ក្រុមហ៊ុន Clearlake Capital គ្រប់គ្រងដោយលោក Behdad Eghbali និងលោក Jose Feliciano ចំនួន 61.5% ខណៈដែលលោក Boehly ឯណេះវិញមានចំណែកស្មើគ្នាជាមួយលោក Hansjorg Wyss និងលោក Mark Walter នៃភាគហ៊ុន 38.5% របស់ Chelsea នោះទេ។
គួរបញ្ជាក់ថា Chelsea កំពុងឈរនៅលេខរៀងទី 11 ក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ហើយពួកគេបានធ្លាក់ចេញពីការប្រកួតប្រជែងនៅទ្វីបអឺរ៉ុបពីរឆ្នាំជាប់ៗគ្នាដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 12 ក្នុងឆ្នាំ 2022/23 ។ ក្រោមការដឹកនាំរបស់លោក Boehly ក្រុមតោខៀវ Chelsea បានរាយការណ៍ពីការខាតបង់ប្រហែល 90 លានផោន និងបានចំណាយច្រើនជាង 1 ពាន់លានលើការផ្ទេរចាប់តាំងពីការមកដល់នៃម្ចាស់ថ្មីរូបនេះ។