Southgate ថា ទ្វារជម្រើសជាតិនៅតែចំហរសម្រាប់ White
អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសលោក Gareth Southgate និយាយថាមិនមានបញ្ហាអ្វីជាមួយ Ben White ទេ ខណៈរូបគេនៅតែមិនចូលរួមជាមួយក្រុម។
លោក Southgate បាននិយាយថា នាយកផ្នែកកីឡា Arsenal លោក Edu បានប្រាប់ថា White មិនចង់ចូលរួមទេ។
លោក Southgate បាននិយាយថា “ខ្ញុំបាននិយាយទៅកាន់គាត់ក្រោយ World Cup នៅកាតា ហើយមានការបដិសេធពីខាងគាត់។ ខ្ញុំមិនដឹងថាហេតុអ្វីនោះទេ។”
White បានចាកចេញពីក្រុមជម្រើសជាតិអង់គ្លេសក្នុងការប្រកួត World Cup នៅប្រទេសកាតាដោយហេតុផលផ្ទាល់ខ្លួន ដោយមានសេចក្តីរាយការណ៍ថាគាត់មិនសប្បាយចិត្ត និងមានការមិនត្រូវគ្នាជាមួយគ្រូជំនួយ Steve Holland ។
លោក Southgate បាននិយាយថា “វាមិនមានបញ្ហាអ្វីរវាងពួកយើងទាល់តែសោះ ហើយវាមិនមានបញ្ហាអ្វីជាមួយ Steve ដែលត្រូវបានលើកឡើងនៅក្នុងអត្ថបទទេ ហើយខ្ញុំមិនចូលចិត្តនោះទេ។”
White មានគុណផលល្អនៅ Arsenal រដូវកាលនេះ ដោយគេបង្ហាញខ្លួនបាន៣៩ប្រកួតហើយពីគ្រប់កម្មវិធី។ គេក៏ទើបបានចុះកុងត្រាថ្មី៤ឆ្នាំកាលថ្ងៃព្រហស្បតិ៍៕