លោក ខូវ ឆាយ ប្ដេជ្ញាជួយនៅ ស្រីពៅ ទទួលបានឱកាសប្រកួត
បន្ទាប់ពីទទួលបានព័ត៌មានស្ដីពីការមិនមានឱកាសប្រកួតពីសំណាក់អ្នកប្រដាល់គុនខ្មែរនារី នៅ ស្រីពៅ លោក ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបង្ហាញការប្ដេជ្ញាចិត្តជួយជ្រោមជ្រែងរូបនាង។
“ខ្ញុំគាំទ្រអោយ ស្រីពៅ ត្រលប់មកហ្វឹកហាត់និងឡើងសង្វៀនប្រកួតវិញ ខ្ញុំធានាថានឹងសម្របសម្រួលក្នុងការចាប់គូអោយស្រីពៅបានឡើងប្រកួតទៀងទាត់។ សហព័ន្ធកំពុងត្រៀមពិភាក្សាជាមួយស្ថានីយ៍ទូរទស្សន៍ និងដៃគូអភិវឌ្ឍទាំងអស់ ដើម្បីកំណត់គោលការណ៍អោយស្ថានីយ៍ទូរទស្សន៍ទាំងអស់ ត្រូវរៀបចំអោយមានគូយុវជនថ្នាល និងគូកីឡាការិនីយ៉ាងតិច១គូ សម្រាប់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរទាំងអស់ប្រចាំសប្តាហ៍។ ”
គួរដឹងដែរថា នៅ ស្រីពៅ ខកខានឡើងប្រកួតប្រមាណមួយឆ្នាំហើយ ហើយបច្ចុប្បន្ននាងកំពុងធ្វើការខាងក្រៅបន្ថែមដើម្បីរកចំណូលចិញ្ចឹមជីវិត៕