
សំណេរ MSR Sports ៖ ចន្ទាការជាកីឡាករគ្រោះថ្នាក់ដែលក្រុមផ្សេងៗមិនអាចភ្លេចខ្លួន
ដូចទស្សនិកជនបានដឹងហើយថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតស្មើ១ទល់១ជាមួយហុងកុង មិត្តភាពអន្តរជាតិនៅថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
តែអ្វីគួរកត់សម្គាល់នោះ ចាប់តាំងពីចន្ថា ចន្ទាការ ត្រូវបានប្ដូរចូលក្នុងនាទី៨៤ គេបានបង្កើតឱកាសយ៉ាងសំខាន់ក្នុងការឈានទៅតាមស្មើនេះ។ ជាក់ស្ដែង គ្រាន់តែចូលភ្លាម គេមានឱកាសទាត់មួយជើង ហើយអ្នកចាំទីហុងកុងទះចេញ។ រុឹង ប៊ុនហៀង ព្យាយាមទៅយក ហើយអ្នកចាំទីហុងកុងបានយកដៃទាក់ប៊ុនហៀងដួល។ គួរឱ្យស្ដាយ ចាន់ វឌ្ឍនាកា មិនអាចទាត់១១ម៉ែត្រនេះចូលទី។
ដល់នាទី៨៩ ចន្ទាការ បានអូសបាល់ពីស្លាបស្ដាំទាញកីឡាករហុងកុងទៅរារាំងរូបគេ ហើយក៏បានបាល់ជ្រុង។ ចាន់ វឌ្ឍនាកា បានលើកបាល់ជ្រុង ហើយស៊ិន សុផាណាត់ សម្រេចទីបានជោគជ័យ។
ចំណុចសំខាន់ៗទាំងនេះហើយដែលជាការរួមចំណែកសំខាន់ពីចន្ថា ចន្ទាការ ដែលជាកីឡាករមានបច្ចេកទេសល្អ មិនអាចមើលរំលងបាន៕