រដូវកាលថ្មី ទ័ពមិនផ្ដោត១០០ភាគរយលើលទ្ធផល តែចង់ឈ្នះចិត្តអ្នកគាំទ្រ
លោក ខូវ ឆាយ អគ្គលេខាធិការសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ អះអាងថា ក្រុមរបស់លោកមិនផ្ដោត១០០ភាគរយលើលទ្ធផលទេ តែអ្វីសំខាន់នោះ គឺចង់ឈ្នះចិត្តអ្នកគាំទ្រច្រើនជាង។
ថ្នាក់ដឹកនាំខាងលើទទួលស្គាល់ការប្រកួតប្រជែងរដូវកាល២០២២នេះពិតជាមានភាពតានតឹង បន្ទាប់ពីជម្រុះនៅសល់៨ក្រុម។ យ៉ាងណា លោក ខូវ ឆាយ រៀបរាប់ថា បានរៀបចំក្រុមយ៉ាងល្អសម្រាប់រដូវកាលថ្មី។
“៖ប្រកួតឆ្នាំហ្នឹងពិតជាតានតឹងជាងមុន។ យើងមានឧបសគ្គច្រើន តែយើងបានធ្វើការរាល់ថ្ងៃកាន់តែខ្លាំងជាងមុនដើម្បីជួបក្រុមខ្លាំងដែរ។ គោលដៅ យើងចប់បាន Top 4។ តែបើតាមគោលដៅ យើងមិនផ្ដោតលើលទ្ធផល១០០ភាគរយទេ តែយើងនឹងលេង១០០ភាគរយ អស់ពីសមត្ថភាព គោរពវិជ្ជាជីវៈ។ យើងចង់ឈ្នះចិត្តអ្នកទស្សនាច្រើនជាង។ បើយើងធ្វើបានបែបនេះ គឺមានន័យថា យើងអាចសម្រេចគោលដៅបានហើយ។”
កងយោធពលខេមរភូមិន្ទបញ្ចប់នៅលេខ៧នៃក្របខណ្ឌកំពូល។ រដូវកាលនេះ ក្រុមហៅកាត់ថា ទ័ពបានតែងតាំងលោក ទេព ឡុងរចនា ជាអ្នកចាត់ការក្រុមសាជាថ្មី៕