កយ សាលីម ដែលទើបជាប់ U23 ធ្លាប់លេងជាខ្សែបម្រើ និងធ្វើតេស្ដមិនឲ្យម្ដាយដឹង
កយ សាលីម ស្ថិតក្នុងចំណោមអ្នកចាំទី៣រូបដែលជាប់បញ្ជី២៨នាក់ចុងក្រោយក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំកម្ពុជា ត្រៀមប្រកួត AFF U23 Championship 2022។
កីឡាករមានប្រភពពីខេត្តកំពតរូបនេះបច្ចុប្បន្នលេងនៅបឹងកេត តែមិនសូវបានបង្ហាញខ្លួនច្រើនទេ។ យ៉ាងណា គេត្រូវបានជ្រើសរើសចូលបញ្ជីចុងក្រោយ។ គេធ្លាប់ជាយុវជនសាលាបាល់ទាត់ជាតិបាទី ពីឆ្នាំ២០១៨ដល់២០២០។ គេក៏ធ្លាប់ជាប់ជម្រើសជាតិ U19 ទៀតផង។
តាមពិតទៅ ពេលចេះលេងបាល់ដំបូង និងកាលនៅជាយុវជនខេត្តកំពត សាលីម លេងជាខ្សែបម្រើ តែពេលដល់ឆ្នាំ២០១៧/២០១៨ អំឡុងប្រកួតពានសហព័ន្ធ គេប្ដូរទៅជាចាំទីវិញ រហូតដល់ជាប់តេស្ដនៅសាលាបាទី។
អ្នកចាំទីវ័យ២០ឆ្នាំបង្ហើបដែរថា កាលទៅធ្វើតេស្ដសាលាបាទី គេមិនបានឲ្យម្ដាយដឹងទេ ព្រោះគាត់មិនចង់ឲ្យលេងបាល់ទាត់ ខ្លាចបាក់ដៃ បាក់ជើង។ រហូតដល់ពេលជាប់ ទើបសហព័ន្ធទូរសព្ទទៅប្រាប់ ម្ដាយរបស់គេក៏បានដឹងតែម្ដង។ ក្រោយមក គាត់ក៏លែងហាមឃាត់សាលីមទៀត៕