
ធ្លាយរឿង កីឡាករ Man UTD មិនសូវពេញចិត្តស្ទីលបង្ហាត់របស់លោក Rangnick
កីឡាករជាច្រើននៅ Manchester United គិតថា ការបង្ហាត់របស់លោក Ralf Rangnick ហួសសម័យទៅហើយ។
បើតាមប្រភពពី ESPN កីឡាករជាច្រើនមិនសូវសប្បាយចិត្តប៉ុន្មានទេ ពីព្រោះលោក Rangnick ឲ្យគ្រូជំនួយ Chris Armas ដឹកនាំការបង្ហាត់ទៅវិញ។ កូនក្រុមបានប្រដូចគ្រូជំនួយ Armas ទៅ Ted Lasso ដែលជាតួអង្គគ្រូបង្វឹកក្នុងរឿងកំប្លែង ដែលមិនស័ក្ដិសមនឹងកម្រិតរបស់ Man UTD។
គ្រូជំនួយ Armas មិនមានបទពិសោធច្រើនក្រៅពីលីគអាមេរិកទេ។ Armas ទើបតែត្រូវបាន Toronto FC បណ្ដេញចេញ ក្រោយដឹកនាំឈ្នះតែ២ប្រកួតក្នុងចំណោម១៥ប្រកួត។ Armas ត្រូវបានលោក Rangnick យកមករួមក្រុមនៅ Old Trafford។
ទន្ទឹមនឹងនេះដែរ កីឡាករខ្លះថា Rangnick ផ្ដោតតែបង្ហាត់បែប១១ទល់១១ មិនសូវផ្ដោតលម្អិត។
ក្រោមការដឹកនាំរបស់លោក Rangnick កីឡាករធ្វើលំហាត់ពង្រឹងការលេងជាក្រុម និងកាយសម្បទា។ កីឡាករមិនសូវបានហាត់សម្រួចជំនាញផ្ទាល់ខ្លួនប៉ុន្មានទេ។
យ៉ាងណា ការលេងរបស់ក្រុមក៏គ្រាន់បើបន្តិចដែរ ដោយរបូត៩គ្រាប់ក្នុងចំណោម១២ប្រកួត។ បើមុនគ្រូ Rangnick ចូលមក ពួកគេរបូត២៤គ្រាប់ក្នុងចំណោម១២ប្រកួត៕