សហព័ន្ធបាល់ទាត់អាហ្សង់ទីនប្ដូរឈ្មោះកន្លែងហាត់មួយតាមឈ្មោះ Messi
សហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) បានផ្លាស់ប្តូរឈ្មោះមជ្ឈមណ្ឌលហ្វឹកហាត់មួយដើម្បីគោរពដល់ការរួមចំណែករបស់ Lionel Messi ក្នុងវិស័យបាល់ទាត់របស់ប្រទេស។
នៅក្នុងពិធីដ៏ឧឡារិកមួយដែលមានការចូលរួមពីសមាជិកទាំងអស់នៃក្រុមជម្រើសជាតិអាហ្សង់ទីនកាលពីថ្ងៃទី២៥ ខែមីនា ប្រធាន AFA លោក Claudio Tapia បានប្រកាសថាមជ្ឈមណ្ឌលហ្វឹកហាត់ “Casa de Ezeiza” នឹងត្រូវប្តូរឈ្មោះទៅជា “Lionel Andres Messi” ដោយផ្អែកលើការដាក់ឈ្មោះតាមប្រធានក្រុមអាហ្សង់ទីនបច្ចុប្បន្ន។
កំពូលតារាវ័យ៣៥ឆ្នាំ និងប្រធានTapia បានទាញទង់ជាតិអាហ្សង់ទីនពីលើសញ្ញាថ្មីនៅខាងក្រៅមជ្ឈមណ្ឌលហ្វឹកហាត់។
Messi បានជំរុញទឹកចិត្តក្រុមអាហ្សង់ទីនក្នុងដំណើររបស់ពួកគេទៅកាន់ការប្រកួតបាល់ទាត់ពិភពលោក 2022 ។ ខ្សែប្រយុទ្ធ PSG ផ្ទាល់បានរកគ្រាប់បាល់៧ គ្រាប់និង assists ៣ ដង ហើយឈ្នះពានរង្វាន់បាល់មាស World Cup ជាលើកទីពីរក្នុងអាជីព៕