សៀមរាបអេហ្វស៊ីបញ្ចប់កំណត់ត្រា១០០ភាគរយរបស់ក្រុមនារីភ្នំពេញក្រោន
កំណត់ត្រាមិនដែលចាញ់ មិនដែលស្មើ របស់ក្រុមកីឡាការិនីភ្នំពេញក្រោនពីការប្រកួត១០លើកកន្លងមកក្នុងក្របខណ្ឌ Cambodian Women’s League រដូវកាល២០២១/២០២២ ត្រូវបានបញ្ចប់ដោយក្រុមនារីសៀមរាបអេហ្វស៊ី។
ក្រុមមកពីខេត្តសៀមរាបបានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ដោយលទ្ធផល២ទល់នឹង៣ ក្នុងការប្រកួតសប្ដាហ៍ទី១១ នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា។
ក្នុងការប្រកួតនេះ ក្រុមនារីភ្នំពេញក្រោនរកបាន២ទល់នឹង១ ក្នុងវគ្គទី១។ ផ្ទុយទៅវិញ ក្នុងវគ្គទី២ បន្ទាប់ពីមានការប្រទូស្ដរាយរហូតដល់អាជ្ញាកណ្ដាលដកកាតក្រហមដល់កីឡាការិនីសៀមរាបអេហ្វស៊ីម្នាក់ និងភ្នំពេញក្រោន២នាក់ ការប្រកួតក៏ប្រែប្រួល។ សៀមរាបអេហ្វស៊ីឆក់យកបាន២គ្រាប់បន្ថែមទៀត។
សរុបមក ភ្នំពេញក្រោនមានកាតក្រហម៣នាក់ ពោលក្នុងវគ្គទី១ ក្រុមនេះបានរបូតកីឡាការិនី ពឿន គន្ធា ម្នាក់ទៅហើយ។
យ៉ាងណា ទោះទទួលបានបរាជ័យ ក្រុមនារីភ្នំពេញក្រោន បានអបអរតំណែងជើងឯករួចទៅហើយ ទាំងការប្រកួតនៅសល់២លើកទៀត៕