Pomroy ប្ដេជ្ញារក្សាគោលការណ៍ពិសេសមួយរបស់សូលទីឡូ
ការផ្ដល់ឱកាសដល់កីឡាករវ័យក្មេង គឺជាអ្វីដែលលោក Darren Pomroy ប្ដេជ្ញាបន្តធ្វើជាមួយសូលទីឡូអង្គរនៅរដូវកាលថ្មីដើម្បីរួមចំណែកកសាងធនធានសម្រាប់កម្ពុជា ជាពិសេសត្រៀមព្រឹត្តិការណ៍ស៊ីហ្គេម២០២៣។ នេះបើតាមការអះអាងពីបុរសជនជាតិអង់គ្លេសដែលត្រូវបានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបតែងតាំងជាគ្រូបង្គោលសាជាថ្មី។
គ្រូបង្វឹកធ្លាប់ដឹកនាំសូលទីឡូនៅឆ្នាំ២០១៩លើកឡើងថា នៅរដូវកាលមុនមានកីឡាករដល់ទៅ៨នាក់ដែលត្រូវបានក្លិបដាក់ឲ្យលេង មានអាយុក្រោម១៨ឆ្នាំ។ លោកចង់បន្តធ្វើរឿងនេះទៀតដើម្បីក្លាយជាក្លិបមួយដែលផ្ដល់ឱកាសដល់យុវជន។
លោក Darren Pomroy រៀបរាប់ “៖ខ្ញុំពិតជាសប្បាយចិត្តដែលបានត្រលប់មកវិញ និងសម្លឹងឆ្ពោះទៅកាន់គម្រោងថ្មី។ យើងមានផែនការ៣ឆ្នាំដើម្បីអភិវឌ្ឍបាល់ទាត់នៅកម្ពុជា និងស៊ីហ្គេម២០២៣។ រដូវកាលមុនក្លិបដាក់កីឡាករ៨នាក់ដែលមានអាយុក្រោម១៨ឆ្នាំបានចូលលេង។ យើងនឹងបន្តការងារនេះ។ ដើម្បីបាល់ទាត់កម្ពុជាទទួលបានជោគជ័យ យើងត្រូវដាក់កីឡាករក្មេងៗល្អៗចូលលេងរាល់សប្ដាហ៍។ សូលទីឡូនឹងក្លាយជាក្លិបដែលផ្ដល់ឱកាសបែបនេះ។”
ពាក់ព័ន្ធនឹងសំណួរថាតើការដឹកនាំនៅក្លិបដែលមានក្មេងៗច្រើនអាចជាសម្ពាធឬទេ គ្រូបង្វឹកកាន់ UEFA A-License បញ្ជាក់ថា នេះជាការងារលោកស្រលាញ់ ដូច្នេះមិនមានអ្វីត្រូវខ្វាយខ្វល់ច្រើនទេ។
គួររំឭកថា លោក Darren Pomroy ដែលជាគ្រូបង្វឹកក្រុមមិនមែនអាជីពមួយនៅខេត្តសៀមរាបផងនោះ ធ្លាប់ដឹកនាំសូលទីឡូអង្គរបានចំណាត់ថ្នាក់លេខ៨នៅរដូវកាល២០១៩។ ដោយឡែកនៅរដូវកាលមុន សូលទីឡូឈរលេខ១២គិតក្នុងតារាងចំណាត់ថ្នាក់រួម៕
រូបភាព ៖ CNCC