សមិទ្ធផលកម្ពុជាទទួលបានពីសមាជវិសាមញ្ញរបស់សហព័ន្ធប្រដាល់សកលអាស៊ី
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាតំណាងប្រទេសកម្ពុជាបានចូលរួមមហាសន្និបាតវិសាមញ្ញ និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធប្រដាល់សកលអាស៊ី អាណត្តិថ្មី ឆ្នាំ២០២២-២០២៦ ដែលបានប្រព្រឹត្តនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅក្រុងអាម៉ង់ ប្រទេសហ្សកដានី ដែលមានប្រទេសសមាជិកចូលរួមចំនួន ៣០ ប្រទេសក្នុងទ្វីបអាស៊ី ។
ក្នុងឱកាសនោះផងដែរ លោក ប៊ុយ សុភ័ណ្ឌ ក៏បានឈរឈ្មោះជាបេក្ខភាពសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិ និងត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជ្រើសតាំងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិឆ្នាំ២០២២-២០២៦ ។ នេះជាប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រដាល់សកលកម្ពុជាដែលមានសមាសភាពថ្នាក់ដឹកនាំសហព័ន្ធចូលរួមជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធប្រដាល់សកលអាស៊ីជាលើកដំបូង ។
សមិទ្ធផលធំៗចំនួន ៣ ដែលលោកអគ្គលេខាធិការរូបនេះទទួលបានពីការចូលរួមមហាសន្និបាតវិសាមញ្ញសហព័ន្ធប្រដាល់សកលអាស៊ី រួមមាន៖
១. ជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាប្រដាល់សកលអាស៊ី អាណត្តិ២០២២-២០២៦ និងមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្តីសម្រេចចិត្តរបស់សហព័ន្ធប្រដាល់សកលអាស៊ី ។
២. ទទួលបានការគាំទ្រពីសមាគមកីឡាប្រដាល់សកលថៃក្នុងការរ៉ាប់ការចំណាយសំបុត្រយន្តហោះ ហូបចុក និងស្នាក់នៅ សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា ៣រូប និងគ្រូបង្វឹក ១រូប ចូលរួមបោះជំរុំហ្វឹកហាត់ និងប្រកួត Thailand Open 2022 ចាប់ពីថ្ងៃទី២៦ ខែមីនា ដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅខេត្ត Phuket ប្រទេសថៃ ដើម្បីពង្រឹងបច្ចេកទេសក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម ។
៣. សហព័ន្ធប្រដាល់សកលអាស៊ីបានឧបត្ថម្ភសម្ភារហ្វឹកហាត់ដល់សហព័ន្ធប្រដាល់សកលកម្ពុជាតាមការស្នើសុំរបស់ភាគីកម្ពុជា៕