
ទិត្យ ឌីណា ចង់បានការប្រកួតប្រជែងខ្លាំង
“បឹងកេតជាក្រុមនៅលីគកំពូល។ ខ្ញុំចង់បានការប្រកួតប្រជែងខ្លាំងដូចមុន បន្ទាប់ពីគ្មានឱកាសបង្ហាញខ្លួនប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្លិបនេះមានកីឡាករក្មេងៗល្អៗច្រើន ហើយជាពិសេសនោះ អ្នកគាំទ្រក៏ចេញពីចិត្តថែមទៀត។” នេះជាការលើកឡើងរបស់ខ្សែបម្រើ ទិត្យ ឌីណា ទៅកាន់សារព័ត៌មានក្នុងស្រុកមួយ ក្រោយសម្រេចការផ្ទេរទៅបឹងកេត។
អតីតកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ទិត្យ ឌីណា ត្រូវបានប្រកាសជាសមាជិកថ្មីរបស់បឹងកេត នៅថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ នេះ។
ឌីណា ផ្ដើមការលេងបាល់ទាត់អាជីពនៅក្លិបបាល់ទាត់នគរបាលជាតិពីឆ្នាំ២០០៨ដល់២០១៨ មុនផ្លាស់ទៅវិសាខា ជើងទី២រដូវកាលចុងក្រោយនោះ។ នៅវិសាខា ឌីណា បានរួមចំណែកឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ និង២០២១ មុនផ្លាស់ទៅព្រៃវែងអេហ្វស៊ីក្នុងរដូវកាល២០២២ លើកិច្ចសន្យាខ្ចី៕