
Al Hilal ចង់បាន Messi ក្នុងតម្លៃបំបែកកំណត់ត្រារបស់ Ronaldo ដើម្បីប្រជែងជាមួយ Al Nassr
(BC-99)
Al Hilal ចង់បានកីឡាករម្ចាស់ពានរង្វាន់ World Cup 2022 Lionel Messi យកទៅប្រជែងជាមួយ Ronaldo របស់ក្រុម Al Nassr ក្នុងការផ្ទេរ 245 លានផោនក្នុងមួយឆ្នាំ។
បើយោងតាមសារព័ត៌មានរបស់ចក្រភពអង់គ្លេស The Sun បានឱ្យដឹងថា Lionel Messi កំពុងត្រូវបានក្លឹបនៅ អារ៉ាប៊ីសាអូឌីត Al Hilal កំពុងតែចរចាក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃបំបែកកំនត់ត្រារបស់ Cristiano Ronaldo ដែលមានតម្លៃដល់ទៅ 245 លានផោនក្នុងមួយឆ្នាំ។
ក្រោយពេលដែលក្លឹប Al Nassr បានបង្កើតឱ្យមាននូវព្រិត្តិការណ៍ជាប្រវត្តិសាស្រ្តសម្រាប់ Cristiano Ronaldo ដែលបានក្លាយជាអត្តពលិកទទួលបានថ្លៃខ្លួនច្រើនជាងកីឡាករគ្រប់ប្រភេទកីឡាករទាំងអស់ 173 លានផោនក្នុងមួយឆ្នាំ ពេលនេះដល់វេនគូប្រជែងរបស់ពួកគេគឺ Al Hilal មកបំបែកព្រិត្តិការណ៍នេះវិញម្តងហើយប្រសិនបើ Messi ងក់ក្បាលយល់ព្រមកាន់ប៊ិចចុះហត្ថលេខាតែមួយខ្វាច់នោះ។
ទាំង Ronaldo ទាំង Messi ធ្លាប់បានផ្តល់បទសម្ភាសន៍ដាច់ដោយឡែកពីគ្នាហើយថា ពួកគេមិនដែលមានបំណងប្រណាំងប្រជែងគ្នាអ្វីឡើយ ហើយពួកគេក៏បានផ្តល់នួវការគោរពរវាងគ្នាទៅវិញទៅមកក្នុងនាមជាអ្នករួមអាជីពផងដែរ ប៉ុន្តែ Messi និង Ronaldo នៅតែគេចមិនផុតពីការយកមកធ្វើជាប្រធានបទក្នុងការប្រៀបធៀបគ្នាពីសំណាក់សារព័ត៌មានក៏ដូចជាអ្នកគាំទ្ររបស់ពួកគេនោះឡើយ។