គ្រូអង់គ្លេស ថា ជារឿងបរាជ័យ បើមិនបានឡើងដល់វគ្គ៤ក្រុម EURO
លោក Gareth Southgate អ្នកចាត់ការក្រុមជម្រើសជាតិអង់គ្លេស អះអាងថា វានឹងក្លាយជាបរាជ័យ ប្រសិនបើក្រុមរបស់លោកមិនអាចឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Euro 2020។
ក្រុមតោកំណាចបានឡើងដល់វគ្គ៤ក្រុមចុងក្រោយ FIFA World Cup និងទទួលបានចំណាត់ថ្នាក់លេខ៤។
លោក Southgate ថ្លែងបែបនេះ “៖ខ្ញុំច្បាស់លាស់ពីរឿងហ្នឹង យើងត្រូវតែនៅជាមួយក្ដីរំពឹងនេះ។ យើងត្រៀមខ្លួនហើយមែនទេដើម្បីឈ្នះ? មែនហើយ យើងបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចំនួន២ (World Cup និង Nations League) អ៊ីចឹងជំហានបន្ទាប់ទៀត យើងត្រូវតែព្យាយាមជាមួយគ្នា។”
បញ្ជីឈ្មោះចុងក្រោយ២៦នាក់សម្រាប់ EURO ត្រូវបានបញ្ចេញរួចរាល់ហើយ មុនផ្ដើមការប្រកួតនៅថ្ងៃពុធ ទី១១ ខែមិថុនា។
អតីតអ្នកចាត់ការ Middlesbrough លោក Southgate ត្រូវបានតែងតាំងជាគ្រូបង្គោលជម្រើសជាតិអង់គ្លេសក្នុងខែកញ្ញា ឆ្នាំ២០១៦ ហើយក្រុមរបស់លោកបានបញ្ចប់នៅចំណាត់ថ្នាក់ដ៏ល្អបំផុតចាប់ពីឆ្នាំ១៩៩០ ដោយបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ហើយមួយឆ្នាំក្រោយមកក៏បានឡើងដល់វគ្គដដែលនៅ UEFA Nations League។
ក្រុមជម្រើសជាតិអង់គ្លេសត្រូវជួបក្រូអាតក្នុងថ្ងៃបើកឆាក ទី១១ មិថុនា បន្តដោយស្កុតលែន ថ្ងៃទី១៨ ខែមិថុនា និងបិទវគ្គចែកពូលជាមួយសាធារណរដ្ឋឆែក ថ្ងៃទី២២ ខែមិថុនា៕