Enrique ឲ្យកូនក្រុមហាត់ទាត់១១ម៉ែត្រម្នាក់១០០០ដងតាំងពីមួយឆ្នាំមុន
លោក Luis Enrique គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបង្ហើបថា បានប្រាប់កូនក្រុមឲ្យហាត់ទាត់ប៉េណាល់ទីតាំងពីឆ្នំាមុនម្ល៉េះ ដោយម្នាក់ៗត្រូវហាត់ទាត់ឲ្យបាន១០០០ដង។ លោកសង្ឃឹមថា ការត្រៀមខ្លួននេះនឹងបង្ហាញផលវិជ្ជមានប្រសិនបើវាកើតឡើងក្នុង FIFA World Cup 2022 នេះ។
លោក Enrique និយាយថា “៖ខ្ញុំស្រមៃថាពួកគេបានធ្វើកិច្ចការផ្ទះហើយ។ ជាងមួយឆ្នាំមុន ក្នុងការប្រមូលផ្ដុំនៅអេស្ប៉ាញ ខ្ញុំបានប្រាប់ពួកគេថា ពួកគេត្រូវតែមកទីនេះដោយមានការអនុវត្តទាត់ប៉េណាល់ទីយ៉ាងហោចណាស់១០០០ដង។ អ៊ីចឹងមិនមែនថា ទាល់តែដល់ World Cup ហើយបានយើងហាត់ទេ អ៊ីចឹងវាមិនទាន់ពេលទេ។”
គួរដឹងដែរថា ក្នុងការប្រកួត World Cup 2022 គិតត្រឹមពេលនេះ ទើបមានជប៉ុន និងក្រូអាតទេដែលបានឈានដល់ការកាត់សេចក្ដី១១ម៉ែត្រ។ ជាលទ្ធផល ក្រូអាតឈ្នះប៉េណាល់ទី ៤ទល់នឹង១ ឡើងទៅវគ្គ៨ក្រុមចុងក្រោយប៉ះប្រេស៊ីល។
អេស្ប៉ាញបានធ្លាក់ដោយការស៊ុតបាល់ប៉េណាល់ទីចាញ់អ៊ីតាលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ EURO ឆ្នាំមុន៕