Ancelotti សរសើរកីឡាករក្មេងៗក្រោយដឹកនាំ Real Madrid ឈ្នះ
ថ្វីត្បិតតែឈ្នះមែនប៉ុន្តែលោក Ancelotti ថាកីឡាករក្មេងៗរបស់លោកលេងមិនទាន់ល្អប៉ុន្មាននោះទេ ម្ចាស់ការពារតំណែងជើងឯកពានរង្វាន់លីគកំពូលអេស្ប៉ាញLaliga គឺក្រុមអធិរាជស Real Madrid បានចាប់ផ្ដើមយុទ្ធនាការ ការប្រកួតលីគរដូវកាលថ្មីរបស់ពួកគេហើយដោយបានធ្វើដំណើរទៅកាន់ទីក្រុង Andalucia ដើម្បីសួរសុខទុក្ខក្រុមទើបឡើងថ្មី Almeria កាលពីថ្ងៃអាទិត្យ ម្សិលមិញ ។
ក្នុងការប្រកួតនេះ Almeria មានឳកាសបើកការនាំមុខមុនដោយកីឡាករ Largie Ramazani នៅនាទីទី 6 និងជាគ្រាប់ផ្តល់ក្តីសង្ឃឹមដល់ក្រុមម្ចាស់ផ្ទះរហូតដល់នាទី 61 ទើប Real Madrid វាយបកតាមបានស្មើរវិញភ្លាមៗតាមរយៈគ្រាប់បាល់របស់កីឡាករលេខ 17 Lucas Vazquez ។ យ៉ាងណាមិញសល់ 15 នាទីមុនបញ្ចប់ការប្រកួតខ្សែការពារសញ្ចាតិអូទ្រីស David alaba ទាត់បាល់ពិន័យហ្វ្រីឃីគយ៉ាងអស្ចារ្យរបស់គេបំប៉ោងសំណាញ់ក្រុមម្ចាស់ផ្ទះ នៅនាទី 75 បើកការនាំមុខអោយ Real Madrid និងជាគ្រាប់បាល់ធានា ៣ ពិន្ទុផងដែរសម្រាប់ក្រុមរហ័សនាមអធិរាជសមួយនេះ ។
ក្រោយចប់ការប្រកួតលោក Carlo Ancelotti និយាយក្នុងសន្និសិទ្ធសារព័ត៍មានថា « កីឡាករក្មេងៗរបស់យើងបានខិតខំយ៉ាងខ្លាំក្នុងការប្រកួតមួយនេះ ។ ពួកគេធ្វើបានល្អដូចដែលពួកគេធ្លាប់ធ្វើពីមុនមក ប៉ុន្តែនៅក្រោមសម្ពាធនៃអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះ ធ្វើអោយពួកគេហាក់មិនអាចគ្រប់គ្រងអារម្មណ៏បានដែលធ្វើអោយពួកគេមិនអាចបញ្ចេញសមត្ថភាពបាន ១០០ ភាគរយ »។ នេះជាការលើកឡើងរបស់អ្នកចាត់ការសញ្ចាតិអ៊ីតាលីខាងលើចាមួយសារព័ត៏មាន Marca ។