Chelsea គ្រោងឲ្យ Napoli ខ្ចី Kepa
Chelsea និង Napoli កំពុងដំណើរការបញ្ជូនអ្នកចាំទី Kepa Arrizabalaga ទៅលេងនៅ Serie A លើលក្ខខណ្ឌខ្ចី។
សារព័ត៌មាន La Republica រាយការណ៍ថា ក្រុមរហស្សនាមតោខៀវត្រៀមជាស្រេចដើម្បីឲ្យអ្នកចាំទីដៃទី២ដែលមានតម្លៃខ្លួនខ្ពស់ខាងលើឲ្យ Napoli ខ្ចី។ យ៉ាងណា ផែនការនេះអាចទៅរួច ក្នុងករណីក្លិបនៅលីគកំពូលអ៊ីតាលីខាងលើមានគម្រោងទិញផ្ដាច់តែម្ដង។
Napoli ត្រូវការអ្នកចាំទីយ៉ាងចាំបាច់ ក្រោយការចាកចេញរបស់ David Ospina ខណៈ Alex Meret មិនសូវទទួលបានទំនុកចិត្តពីគ្រូបង្គោល Luciano Spaletti ប៉ុន្មានទេ។ ដោយឡែក Chelsea ចង់បន្ថយបន្ទុកប្រាក់ខែ ក្រោយផ្ទេរបានកីឡាករថ្មី២រូប គឺ Raheem Sterling និង Kalidou Koulibaly។
គួររំឭកថា Kepa ផ្ទេរពី Athletic Bilbao កាលឆ្នាំ២០១៨ ក្នុងតម្លៃ៧២លានផោន។ ការលេងមិនសូវល្អរបស់គេ ធ្វើឲ្យគេរបូតតំណែងដៃទី១ទៅ Edouard Mendy។ ២រដូវកាលចុងក្រោយ Kepa លេងបានតែ១១ប្រកួតប៉ុណ្ណោះនៅ Premier League ហើយមិនសូវទទួលបានចំណាប់អារម្មណ៍ពីអ្នកគាំទ្រប៉ុន្មានទេ៕