Casemiro កោតសរសើរចំពោះសមត្ថភាព Eden Hazard តែចង់ឱ្យ Real Madrid ទិញ Mbappe មកថែម
(BC-99)
ខ្សែបម្រើ Casemiro របស់ក្លិប Real Madrid បាននិយាយថាកីឡាករទាំងអស់មានការគាំទ្រយ៉ាងពេញទំហឹងចំពោះ Eden Hazard តែទន្ទឹមនេះគួរតែមាន Mbappe យកមកបន្ថែម។
Real Madrid បានចុះហត្ថលេខាលើ Hazard នៅរដូវក្តៅឆ្នាំ ២០១៩ ដោយក្តីសង្ឃឹមនិងការរំពឹងទុកថារូបគេនឹងបន្តក្លាយជាតារារបស់ក្រុមហើយបំពេញចន្លោះប្រហោងដែលបន្សល់ទុកដោយ Cristiano Ronaldo ប៉ុន្តែវាមិនទាន់ចេញជាផ្លែផ្កានៅឡើយទេដោយសារតែតារាស៊ុតបាល់បញ្ចូលទីជាតិ បែលហ្ស៊ិក រូបនេះតែងតែទទួលរងរបួស។
តែទោះជាយ៉ាងនេះក៏ដោយក៏ Casemiro មិនមានភាពងឿងឆ្ងល់ចំពោះគុណភាពរបស់ Hazard ឡើយហើយមានអារម្មណ៍ថាអតីតកីឡាករ Chelsea រូបនេះនឹងត្រឡប់មករកទម្រង់លេងដ៏ល្អរបស់គេវិញនៅពេលខាងមុខនេះ។ Casemiro បានប្រាប់ Vamos ថា៖“ខ្ញុំមានអារម្មណ៍ថា Hazard ជាកីឡាករឆ្នើមម្នាក់ក្នុងអំឡុងពេលធ្វើការហ្វឹកហាត់។ ជាពិសេសគឺនៅពេលដែលគេបានចូលរួមលេង ៣ ទៅ ៤ ប្រកួតហើយក៏បានបោះជំហានទៅកាន់ភាពរុងរឿង។ Hazard នឹងត្រឡប់មករកភាពខ្លាំងដូចរាល់ដង” ។
ទន្ទឹមនឹងនេះដែរ Casemiro ក៏បានឆ្លៀតនិយាយកោតសរសើរដល់ខ្សែប្រយុទ្ធរបស់ក្លិប PSG-Kylian Mbappe ផងដែរដោយបានលើកឡើងថាកីឡាករបារាំងរូបនេះគឺជាកីឡាករដ៏ឆ្នើមម្នាក់៖“នៅ Real Madrid មានកីឡាករល្អៗជាច្រើន។ ប្រសិនបើ Real Madrid បានចុះហត្ថលេខាលើគ្រប់កីឡាករដែលអ្នករាល់គ្នាបានឮតាមសារព័ត៌មានចចាមអារ៉ាម ប្រកដជាយើងនឹងមានកីឡាករជាង ១០០ នាក់ទៅហើយ។ Mbappe ក៏ជាកីឡាករម្នាក់ក្នុងចំណោមព័ត៌មានដែលបានលេចឮទាំងនោះដែរ។ ខ្ញុំសង្ឃឹមថារឿងនេះនឹងក្លាយទៅជាការពិត” ។
គួរបញ្ជាក់ថាប្រធានក្លឹប Real Madrid លោក Florentino Perez ធ្លាប់បានធ្វើការចចារជាមួយ PSG នៅក្នុងការទិញយកកីឡាករខ្សែប្រយុទ្ធ Mbappe យកមកកាន់ Santiago Bernabue តាំងពីរដូវកាលមុនមកម៉្លេះ។ បើទោះជាមានការបដិសេធជាប់ៗគ្នាក៏ដោយក៏ Real Madrid នៅមិនទាន់បោះបង់ការចង់បានររបស់គេនៅឡើយទេរហូតមកដល់ពេលនេះ។