
យ៉េន ឌីណា ក្លាយជាកីឡាករគុនខ្មែរទី២រកបានមេដាយមាសនៅស៊ីហ្គេម
ទីបំផុតការរង់ចាំឈ្នះមេដាយមាសសម្រាប់គុនខ្មែរក្នុងព្រឹត្តិការណ៍ស៊ីហ្គេម អស់រយៈពេល៥ឆ្នាំបានមកដល់ហើយ ក្រោយកីឡាករ ប៉ោ ភារិទ្ធ ឬយ៉េន ឌីណា ស្រវាបានជ័យជម្នះដោយពិន្ទុដាច់លើម្ចាស់ផ្ទះវៀតណាម នៅល្ងាចថ្ងៃអាទិត្យ ទី២២ ខែឧសភា នេះ។
សមាជិកគុនខ្មែរជម្រើសជាតិកម្ពុជាបានឈ្នះ៣ទឹកដាច់លើម្ចាស់ផ្ទះ ហើយយកមេដាយមាសតែមួយគត់ក្នុងចំណោមកីឡាករគុនខ្មែរដែលទៅស៊ីហ្គេមឆ្នាំនេះ ខណៈអ្នកផ្សេងៗទៀតបានត្រឹមមេដាយសំរឹទ្ធ។
ឌីណា បានក្លាយជាកីឡាករគុនខ្មែរទី២ បន្ទាប់ពីឃុន ឌីម៉ា ធ្វើបានក្នុងឆ្នាំ២០១៧ សម្រាប់ប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ដូចគ្នា៕