
ក្រុមបាល់ទាត់បុរសថៃនឹងបានប្រាក់រង្វាន់ជិតកន្លះលានដុល្លារ បើឈ្នះមេដាយមាសស៊ីហ្គេម
សមាជិកក្រុមបាល់ទាត់ជម្រើសជាតិថៃ បានទទួលការគាំទ្រទាំងកម្លាំងកាយ និងកម្លាំង មុនវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម នៅរាត្រីថ្ងៃអាទិត្យ ទី២២ ខែឧសភា នេះ។
សារព័ត៌មាន Siam Sports រាយការណ៍ថា ក្រុម U23 ថៃ នឹងទទួលបានប្រាក់រង្វាន់៤៣៥០០០ដុល្លារអាមេរិក ប្រសិនបើឈ្នះវៀតណាម ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដណ្ដើមបានមេដាយមាស។
និយាយទៅ អាជ្ញាធរកីឡាថៃ (Sports Authority of Thailand) នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត៣០ម៉ឺនបាត ឬ ៨៧០០ដុល្លារអាមេរិក។ សរុបកីឡាករ២០នាក់ នឹងទទួលបាន៦លានបាត។
មិនតែប៉ុណ្ណោះទេ មូលនិធិអភិវឌ្ឍន៍កីឡាថៃ (Thai Sports Development) ក៏នឹងផ្ដល់ប្រាក់រង្វាន់ដោយឡែកផ្សេងទៀតដល់ក្រុមការងារគ្រូបង្វឹក និងកីឡាករថៃចំនួន១លាន២សែនបាត ក្នុងករណីបានមេដាយមាស។ ចំណែកអ្នកស្រី Pang ក៏នឹងផ្ដល់ប្រាក់រង្វាន់៥លានបាតផ្សេងទៀតដែរដល់កូនក្រុម។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់បុរសថៃនឹងប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាសស៊ីហ្គេម តទល់ក្រុមម្ចាស់ផ្ទះវៀតណាម នៅម៉ោង៧យប់ថ្ងៃអាទិត្យ ទី២២ ខែឧសភា នេះ៕