មូលហេតុនេះហើយទើបចន្ថា ចន្ទាកា ឈប់ពីហ្វូតសាលវិលក្រសោបតារាងធំវិញ
មុនក្លាយជាកីឡាករនៅក្លិបអគ្គិសនីកម្ពុជា ចន្ថា ចន្ទាកា គឺជាអ្នកលេងបាល់ទាត់លើទីលានខ្នាតតូចមួយរូបនៅតាមបណ្ដាក្រុមមិនមែនអាជីពជាច្រើន និងថែមទាំងធ្លាប់ជាសមាជិកក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាចេញទៅប្រកួតជើងឯកអាស៊ីអាគេ្នយ៍ កាលឆ្នាំ២០១៨ទៀតផង។
ផ្ទុយទៅវិញ ក្រោយចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិហ្វូតសាល យុវជនខាងលើបានដកខ្លួនចេញការលេងលើទីលានខ្នាតតូច និងក្នុងសាល ទៅចូលរួមជាមួយក្លិបអគ្គិសនីកម្ពុជាដែលជាការប្ដូរទៅទីលានខ្នាតធំ ១១នាក់វិញម្ដង។ គេថា ការសម្រេចចិត្តបែបនេះ ព្រោះចង់អភិវឌ្ឍខ្លួនឲ្យបានល្អ។
ខ្សែប្រយុទ្ធអគ្គិសនីពន្យល់បែបនេះ “៖បាទបង! ការបោះបង់បាល់តារាងតូច និងហ្វូតសាល ខ្ញុំក៏មានអារម្មណ៍ស្ដាយខ្លាំងដែរបង ប៉ុន្តែខ្ញុំចង់អភិវឌ្ឍខ្លួនឲ្យល្អជាងហ្នឹងទៀត។ ខ្ញុំសម្រេចចិត្តមកចូលរួមអគ្គិសនី។ ខ្ញុំចូលអគ្គិសនីដំបូងអាយុ១៩ឆ្នាំ។ ខ្ញុំគិតថា វាមិនយឺតពេលទេសម្រាប់ខ្ញុំ។ ពេលចូលដំបូងរាងពិបាកដែរបង ព្រោះខ្ញុំលេងតែលេងបាល់តារាងតូចពីមុនមក។”
ចន្ថា ចន្ទាកា បញ្ជាក់ថា ត្រូវចំណាយពេលជាងមួយឆ្នាំដើម្បីសម្របខ្លួនទៅនឹងរបៀបលេងថ្មី និងទំនាក់ទំនងក្នុងក្រុម ព្រោះមិនធ្លាប់ស្គាល់សមាជិកក្រុមអគ្គិសនីពីមុនមកឡើយ។
អតីតកីឡាករជម្រើសជាតិហ្វូតសាលកម្ពុជាដដែលទទូចថា នឹងបន្តការលេងបាល់ទាត់លើទីលានធំនេះរហូតដល់ពេលចូលនិវត្តន៍តែម្ដង។ តាមពិតទៅ គេក៏ធ្លាប់ជាយុវជនព្រះខ័នរាជស្វាយរៀងមួយរូបដែរ កាលពីមុន រហូតដល់ឆ្នាំ២០១៨៕