Barca ត្រូវបង់ឲ្យសហព័ន្ធហុល្លង់៤ទៅ៥លានអឺរ៉ូបើចង់បាន Koeman
FC Barcelona ត្រូវបង់លុយពីចន្លោះ៤ទៅ៥លានអឺរ៉ូដល់សហព័ន្ធបាល់ទាត់ហុល្លង់ (KNVB) ជាសំណងក្នុងការនាំយកលោក Ronald Koeman ទៅធ្វើអ្នកចាត់ការ។
តាមពិតទៅ លុយផ្ដាច់កុងត្រាត្រូវបង់ដោយលោក Koeman ខ្លួនឯង តែចំនួនទឹកប្រាក់ចាំបាច់ណាមួយត្រូវបញ្ចូលទៅក្នុងបញ្ជីពេលទៅធ្វើការនៅ Barcelona ។
ដោយសារតែការលើកពេលម្ដងហើយម្ដងទៀត ការប្រកាសផ្លូវការនៃការតែងតាំងលោក Koeman ជាអ្នកចាត់ការថ្មីក្លិប Barcelona ត្រូវបានពន្យារពេលរហូតដល់ថ្ងៃពុធ ទី១៩ ខែសីហានេះ។ ការបង្ហាញខ្លួនជាផ្លូវការរបស់លោក Koeman អាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែសីហា។
Barcelona បានបញ្ចប់កិច្ចសន្យាលោក Qique Setien ពីតំណែងអ្នកចាត់ការ កាលដើមសប្ដាហ៍ ក្រោយត្រូវ Bayern Munich ទម្លាក់ចេញពី UEFA Champions League។
គួររំឭកថា លោក Ronald Koeman ក៏ធ្លាប់ជាកីឡាកររបស់ FC Barcelona ដែរពីចន្លោះឆ្នាំ១៩៨៩ដល់១៩៩៥៕