ឃឹម បូរី ប្រាប់គម្រោងចូលនិវត្តន៍ពីបាល់ទាត់
ខ្សែបម្រើការពារ ឃីម បូរី របស់ក្លិបបាល់ទាត់ណាហ្គាវើល ដែលមានបទពិសោធយ៉ាងច្រើនក្នុងវិស័យបាល់ទាត់ទាំងនៅក្រុមជម្រើសជាតិនិងក្លិបអាជីពបានបង្ហើបពីគម្រោងរបស់ខ្លួនទៅថ្ងៃខាងមុខក្នុងការបញ្ចប់អាជីពជាកីឡាករនឹងឈានទៅធ្វើជាជំនួយការគ្រូបង្វឹកក្នុងក្លិបណាមួយដែលជាជម្រើសដ៏ល្អសម្រាប់រូបគេ ។
ប្រាប់ក្រុមការងារ MSR SPORT ម្ចាស់ស្បែកជើងមាសលីហ្គកំពូលបាល់ទាត់កម្ពុជាឆ្នាំ២០០៨ បញ្ជាក់ថា សម្រាប់រូបគេនៅតែចង់បន្តលេងអោយបានយូរ ប៉ុន្តែវ័យកាន់តែចាស់សមត្ថភាពពិបាកប្រជែងជាមួយកីឡាករផ្សេងៗ ដូចនេះគម្រោងរបស់គេចង់លេងអោយបាន២រដូវកាលខាងមុខទៀត ពោលចប់រដូវនេះទៅ ចង់បន្ត២រដូវកាលទៀតពោលអាចលេងដល់ឆ្នាំ២០២៣ ហើយរូបគេអាចនឹងមិនទៅណាឆ្ងាយពីវិស័យមួយនេះនោះទេពោលអាចធ្វើជាគ្រូជំនួយនៅក្លិបណាមួយ ពីព្រោះបច្ចុប្បន្ន កំពុងកាន់សញ្ញាប័ត្របាល់ទាត់កម្រិត C និងត្រៀមរៀងយកកម្រិត B ផងដែរ ។
សូមបញ្ជាក់ថា កីឡាករដើមកំណើតខេត្តតាកែវរូបនេះធ្លាប់លេខអោយក្លិបបាល់ទាត់ក្រសួងការពារជាតិពីឆ្នាំ ២០០៧ ដល់ ២០១០ នឹងបានផ្តាស់ទៅចូលរួមជាមួយក្លិបភ្នំពេញក្រោនពីឆ្នាំ ២០១០ ដល់ ២០១៥ ប៉ុន្តែក្នុងឆ្នាំ ២០១១ ត្រូវក្លិបលីហ្គកំពូលរបស់ប្រទេសថៃ ស៊ីសាកេត ខ្ចីជើងមួយរដូវកាលផងដែរ ។ ឆ្នាំ ២០១៥ រូបគេបានផ្លាស់មកចូលរួមជាមួយក្លិបណាហ្គាវើល ដល់បច្ចុប្បន្ន ។ សម្រាប់ក្រុមជម្រើសជាតិរូបធ្លាប់ជាប់តាំងពីឆ្នាំ ២០០៧ នឹងធ្លាប់រកគ្រាប់បាល់បានប្រហែល១១គ្រាប់ផងដែរ ៕