
នៅ ស្រីពៅ ថា នឹងប្រកួតអស់សមត្ថភាព ទោះត្រូវរក្សាខ្លួនត្រៀមស៊ីហ្គេម
ខណៈព្រឹត្តិការណ៍ស៊ីហ្គេម នៅវៀតណាម ដែលទាមទារឲ្យមានការត្រៀមខ្លួនយ៉ាងល្អ ទាំងបច្ចេកទេស និងកាយសម្បទា កាន់តែកៀកចូលមកដល់ កីឡាការិនីឃីកបុកស៊ីងជម្រើសជាតិកម្ពុជា នៅ ស្រីពៅ អះអាងថា នៅតែត្រៀមប្រកួតដោយអស់ពីសមត្ថភាពក្នុងកម្មវិធីអន្តរជាតិតទល់កីឡាការិនីចិន នៅខេត្តសៀមរាប ដើមខែមេសា ខាងមុខ។
អ្នកលេងកណ្ដាប់ដៃធ្លាប់បានមេដាយសំរឹទ្ធសកលស៊ីហ្គេម២០១៩នៅហ្វីលីពីន ទទូចថា ទាំងប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជា មានការព្រួយបារម្ភចំពោះការប្រកួតខាងមុខ ពាក់ព័ន្ធនឹងបញ្ហារបួសដែលអាចប៉ះពាល់ដល់ស៊ីហ្គេម។ យ៉ាងណា ស្រីពៅ អះអាងថា វានឹងក្លាយជាបទពិសោធយ៉ាងល្អមុនស៊ីហ្គេមមកដល់។
កីឡាការិនីជម្រើសជាតិបញ្ជាក់ “៖ ប្រធានសហព័ន្ធក៏បារម្ភដែរ តែប្រកួតដើម្បីបទពិសោធមុនស៊ីហ្គេម។ ឡើងទៅដឹងតែវាយហើយ បើយើងមិនវាយគេ គេនឹងវាយយើង។ អត់មានអ្វីឧបសគ្គទេ ដឹងតែវាយហើយ ចាញ់ឈ្នះអត់ទាន់ដឹងទេ។”
សិស្សប្អូន ផល សោភ័ណ្ឌ ដដែលបន្ថែមថា បានត្រៀមខ្លួនមួយពេញមួយខែមកហើយសម្រាប់ព្រឹត្តិការណ៍នៅមុខអង្គរ ហើយក៏បារម្ភខ្លះដែរ ព្រោះមិនធ្លាប់ប្រកួតលក្ខណៈឃីកបុកស៊ីពីមុនមក។ គេក៏បានព្យាយាមស្វែងរកវីដេអូគូប្រកួតដែរ តែមិនបានឃើញ ដោយត្រឹមតែដឹងថា ជាកីឡាការិនីជម្រើសជាតិ។
គួរបញ្ជាក់ថា នៅ ស្រីពៅ ស្ថិតក្នុងចំណោមកីឡាករ កីឡាការិនីកម្ពុជា១០នាក់ដែលត្រូវប្រកួតតទល់កីឡាករ កីឡាការិនីចិន ក្នុងការប្រកួតប្រចាំស្ថាប័ន Wu Lin Feng (WLF) នៅថ្ងៃទី១០ ខែមេសា ខាងមុខ ពីមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ គូប្រកួតរបស់ស្រីពៅ ឈ្មោះថា Li Lishan និងប្រកួតក្នុងប្រភេទទម្ងន់៥២គីឡូក្រាម៕