
ខាំ កូនខ្លា ធ្លាប់ស៊ីឈ្នួលលាងឡានឲ្យគេមុនចាប់អាជីពប្រដាល់
ខាំ កូនខ្លា អ្នកប្រដាល់វ័យក្មេងប្រកបដោយទេពកោសល្យ បានបង្ហើបដំណើរចាប់អាជីពប្រដាល់ថា ខ្លួនបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ ហើយចាកចេញពីស្រុកកំណើត មកធ្វើការងារជាកម្មករស៊ីឈ្នួលលាងឡានឲ្យគេ នៅរាជធានីភ្នំពេញ រយៈពេលប្រមាណជាងមួយខែ ទើបសម្រេចចិត្តស្វែងរកក្លិបប្រដាល់មួយ ដើម្បីហ្វឹកហាត់បំពេញតាមក្ដីស្រមៃរបស់ខ្លួន។
យុវជនមានដើមកំណើតពីកំពង់ធំ រូបនេះ រៀបរាប់ថា ផ្ដើមចាប់អាជីពប្រដាល់ដំបូង ទម្រាំហាត់លត់ដំខ្លួនបាន រូបគេស្ទើរតែលាឈប់ រត់ទៅធ្វើការវិញម្ដងៗ។
ខាំ កូនខ្លា លម្អិតបែបនេះ ៖ “ដំបូងខ្ញុំឈប់រៀន ហើយមកធ្វើជាកម្មករលាងឡាននៅភ្នំពេញ។ ធ្វើការលាងឡានបានមួយប្រហែលជាង១ខែ ក៏ចូលមកហាត់ប្រដាល់។ ខ្ញំឈប់រៀនថ្នាក់ទី៦ ហើយកាលនោះអាយុ១៥ឆ្នាំ។ ខ្ញុំឈប់រៀនដោយសារខ្ញុំរៀនអត់ចូល ហើយគ្រួសារក៏ពុំសូវធូរធារ។ ចូលហាត់ដំបូង លំបាកដែរបង គឺឈឺខ្លួន ហើយខ្ជិល។ តែយូរៗទៅ យើងសម។ ពីមុនពេលខ្លះពិបាក ចង់ឈប់ទៅធ្វើការវិញម្ដងៗ ប៉ុន្តែយូរទៅ ក៏សមទៅ”។
កូនសិស្សអតីតអ្នកប្រដាល់ជើងខ្លាំង បឺត សំខាន់ រូបនេះ បន្ថែមថា ខ្លួននឹងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា និងប្ដេជ្ញាឆ្ពោះទៅសម្រេចក្ដីស្រមៃ ចង់ក្លាយជាកីឡាករមានឈ្មោះល្បីល្បាញមួយរូប នាពេលខាងមុខដូចលោកគ្រូ បឺត ខាំ។
កូនខ្លា ចាប់អាជីពប្រដាល់បានប្រមាណ៤ឆ្នាំមកហើយ ហើយសព្វថ្ងៃ កំពុងហ្វឹកហាត់នៅក្លិបប៉ែនកាក់គុនខ្មែរ ដែលបង្វឹកដោយលោក សេន ប៊ុនថេន និង បឺត ខាំ៕