គ្រូវិសាខាទទួលការរិះគន់ទាំងឡាយ តែស្នើសូមលើកទឹកចិត្តដល់កីឡាករ
លោក Lee Tae-hoon គ្រូបង្គោលវិសាខា អះអាងទទួលយកការរិះគន់ទាំងឡាយពីទស្សនិកជន និងអ្នកគាំទ្រ។ យ៉ាងណា លោកទទូចសូមការលើកទឹកចិត្តដល់កីឡាករសម្រាប់ការប្រកួត។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងថ្លែងបែបនេះ មុនវិសាខាទទួលភ្ញៀវគិរីវង់សុខសែនជ័យក្នុងការប្រកួត Cambodian Premier League នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា។
លោក Lee Tae-hoon ថ្លែងបែបនេះ “៖ សូមរិះគន់ខ្ញុំ តែសូមលើកទឹកចិត្ត និងគាំទ្រកីឡាកររបស់យើង។ ខ្ញុំ និងក្រុមរបស់យើងនឹងធ្វើឲ្យអស់សមត្ថភាព ដើម្បីអ្នកគាំទ្រមានអារម្មណ៍រីករាយ និងមោទនភាពចំពោះការប្រកួតរបស់យើង។”
គួរដឹងដែរថា វិសាខា ប្រកួត Premier League បាន២លើក ដោយឈ្នះ១ និងចាញ់១។
ដោយឡែក លោក Lee Tae-hoon បានចូលមកដឹកនាំវិសាខាក្នុងនាមគ្រូបង្គោល ក្រោយចប់រដូវកាល២០២១។ ក្នុងការដឹកនាំរបស់អតីតគ្រូបង្គោលជម្រើសជាតិកម្ពុជា វិសាខា បានរបូតពានរង្វាន់អស់២ គឺមិត្តភាពលើដីខ្លួនឯង និងពានរង្វាន់ Super Cup៕