ចាប់ខ្លួនអ្នកគាំទ្រ Everton ក្រោយយកដបទឹកសុទ្ធគប់កីឡាករ Aston Villa
អ្នកគាំទ្រ Everton ម្នាក់ត្រូវបានចាប់ខ្លួនក្រោយយកដបទឹកសុទ្ធគប់កីឡាករ Lucas Digne និង Matty Cash របស់ Aston Villa អំឡុងការប្រកួតរវាងក្រុមទាំង២ក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ ទី២២ ខែមករា។
ការគប់នេះកើតឡើងពេល Emiliano Buenda អបអរសាទរគ្រាប់បាល់ជ័យជម្នះ០ទល់នឹង១ លើ Everton។
Matty Cash និយាយថា “៖ពិតជាឆ្កួតមែន! គប់ចំក្បាលខ្ញុំម៉ង។ អាក្រក់អាក្រីមែន តែក៏សប្បាយចិត្តដែលបាន៣ពិន្ទុ។”
សូម្បីតែអ្នកចាត់ការស្ដីទី Everton លោក Ducan Ferguson ក៏មិនពេញចិត្តទង្វើអ្នកគាំទ្រខ្លួនដែរ។ ចំណែក Lucas Digne ដែលចេញពី Everton ទៅ Aston Villa កាល២សប្ដាហ៍មុនទទូចថា មិនចង់និយាយអ្វីទាំងអស់។
បើតាមដឹងមក អ្នកគាំទ្រ Everton ជាច្រើនមិនសប្បាយចិត្តចំពោះម្ចាស់ក្លិបដែលដឹកនាំមិនបានល្អ និងទាមទារឲ្យចុះចេញពីតំណែងថែមទៀត។ Everton ក៏ទើបតែដកតំណែងអ្នកចាត់ការ Rafael Benitez ផងដែរ៕