ក្រុមហ៊ុនលីគលើកពេលប្រជុំសម្រេចលើក្លិបអត់អាជ្ញាបណ្ណ
តាមផែនការ ក្រុមហ៊ុនលីគដែលនឹងចូលកាន់តួនាទីជាអ្នករៀបចំការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២២ជំនួស CNCC នោះ គ្រោងប្រកាស ក្លិបណាខ្លះដែលអាចលេងនៅលីគកំពូលរដូវកាលក្រោយ និងក្រុមណាខ្លះដែលមិនអាចលេងបាន នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ។ យ៉ាងណា ក៏ដោយ គម្រោងប្រកាសនេះត្រូវបានលើកពេលវិញ។
បើតាមការលើកឡើងពីលោក សុក វាសនា គ្រូបង្គោលអាស៊ីអឺរ៉ុបយូណាយធីត បានសរសេរក្នុងសំណេររបស់លោកថា ការលើកពេលនេះដោយសារតែក្លិបភាគច្រើនមិនយល់ស្រប។
គួរដឹងដែរថា ក្រុមហ៊ុនលីគដែលនឹងចូលមករៀបចំការប្រកួតបាល់ទាត់លីគកំពូលកម្ពុជារដូវកាលក្រោយចែងថា ក្លិបដែលអាចប្រកួតបានត្រូវតែមានអាជ្ញាបណ្ណស្របទៅតាមលក្ខណៈសម្បត្តិចែងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លក្ខណៈសម្បត្តិសំខាន់ៗមានដូចកិច្ចការរដ្ឋបាល, ហិរញ្ញវត្ថុ, ច្បាប់ និងហេដ្ឋារចនាសម្ព័ន្ធ។ ប្រសិនបើក្លិបនៅលីគកំពូលមានគ្រប់គ្រាន់លើចំណុចទាំងអស់នេះនឹងអាចបន្តលេងនៅរដូវកាលក្រោយ តែបើគ្មានទេនោះនឹងត្រូវកាត់ចេញទៅលីគទី២។
គិតមកទល់ពេលនេះមាន៨ក្លិបដែលបានបំពេញគ្រប់គ្រាន់ គឺ ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, វិសាខា, ណាហ្គាវើលដ៍, សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ។
ចំណែក៥ក្លិបទៀតមិនទាន់បំពេញគ្រប់គ្រាន់ គឺ នគរបាលជាតិ, អគ្គិសនីកម្ពុជា, សូលទីឡូអង្គរ, ព្រៃវែងអេហ្វស៊ី និងអាស៊ីអឺរ៉ុបយូណាយធីត៕