ប៉ះ Arsenal ថ្ងៃចន្ទ ហ្វេន Everton គំរាមដើរចេញពីស្តាតនាទី២៧ ព្រោះហេតុផលនេះ
ដោយសារតែខកចិត្តចំពោះថ្នាក់ដឹកនាំក្លិប អ្នកគាំទ្រ Everton ជាច្រើនគំរាមថា ពួកគេនឹងនាំគ្នាដើរចេញពីកីឡដ្ឋានពេលប៉ះ Arsenal នៅ Goodison Park ថ្ងៃចន្ទ ទី០៦ ខែធ្នូ ខាងមុខ។
កំហឹង និងភាពខកចិត្តបានកើតឡើងជាបន្តបន្ទាប់ ជាពិសេសក្រោយលេងមិនឈ្នះគេសោះប៉ុន្មានប្រកួតចុងក្រោយនេះ ធ្វើឲ្យក្រុមរហស្សនាមស្ករគ្រាប់រអិលផុតចេញពីទីតាំងមានកៅអីទៅប្រកួតពានអឺរ៉ុប និងនៅលើតំបន់កាត់ចោលតែ៥ពិន្ទុ។
ប្រកួតចុងក្រោយបង្អស់ ពួកគេបានចាញ់ក្រុមចាស់របស់អ្នកចាត់ការ Rafael Benitez គឺ Liverpool ដោយលទ្ធផល ១ទល់នឹង៤ លើដីខ្លួនឯង។ ពេលនោះ នាយកផ្នែកកីឡារបស់ Everton លោក Marcel Brands តឹងសរសៃកជាមួយអ្នកគាំទ្រម្នាក់ថែមទៀត។
អ្នកគាំទ្រជាច្រើនក៏បានស្រែកដេញថ្នាក់ដឹកនាំ ហើយមានអ្នករត់ចូលទីលានទៅបញ្ចេញកំហឹងដាក់កីឡាករ Everton ទៀត។
អ្នកគាំទ្រមួយចំនួនបានប្រមូលផ្ដុំគ្នាគំរាមថា នឹងដើរចេញពីកីឡដ្ឋានក្នុងនាទី២៧ ពេលប៉ះ Arsenal។ នាទី២៧មានន័យថា ជារយៈពេលដែលថ្នាក់ដឹកនាំបច្ចុប្បន្នបានកាន់ការងារគ្រប់គ្រងក្លិបអស់២៧ឆ្នាំតែមិនបានឈ្នះពានអ្វីសោះ៕