
Bernardo Silva ៖ ការប្រឈមមុខនឹងក្រុម Liverpool នៅក្នុងដី Man City តែងតែទទួលផលវិជ្ជមាន
(BC-99)
ខ្សែបម្រើ Bernardo Silva សង្ឃឹមថា Manchester City នឹងអាចរក្សាកំណត់ត្រា ១០០ ភាគរយរបស់ខ្លួនពេលប៉ះជាមួយ Liverpool នៅថ្ងៃអាទិត្យនេះ។
ហង្សក្រហមបានថ្លោះធ្លោយចាញ់ការប្រកួតនៅ Premier League ៣ លើកចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋាន Etihad ដែលជាហេតុធ្វើឱ្យ Bernardo បាននិយាយយ៉ាងដូច្នេះថា៖ “យើងរំពឹងថានឹងមានការប្រកួតដ៏ស្វិតស្វាញមួយជាមួយ Liverpool យើងដឹងថាពួកគេខ្លាំងនិងរឹងមាំដែលជាក្រុមខ្លាំងបំផុតមួយក្នុងពិភពលោក។ ពួកគេក៏ជាគូប្រជែងដ៏ស្រួចស្រាវសម្រាប់តំណែងជើងឯក Premier League របស់យើងផងដែរ ដូច្នេះយើងដឹងថាវាពិតជាលំបាកប៉ុណ្ណា ប៉ុន្តែគោលបំណងរបស់យើងគឺចង់ឈ្នះគ្រប់ការប្រកួតទាំងអស់។ ពេលយើងលេងនៅក្នុងផ្ទះ យើងតែងតែទទួលផលវិជ្ជមាន។ យើងត្រូវការ ៣ ពិន្ទុដើម្បីដណ្តើមយកតំណែងរបស់យើងនៅកំពូលតារាងមកវិញ”។
គួរបញ្ជាក់ថាឯតទគ្គកម្មរបស់កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះពេលប៉ះប្រកួតជាមួយក្រុមហង្សក្រហមធ្លាប់បង្ហាញវត្តមានចំនួន៧ដងគ្រប់កម្មវិធីដោយជួយឱ្យ Manchester City ឈ្នះ៣និងស្មើ១ រីឯរូបគេក៏បានស៊ុតបញ្ចូលទីលើក្រុមលោក Klopp បាន២គ្រាប់និងបញ្ជូនបាល់ស៊ុតបញ្ចូលទីបានម្តងផងដែរ។ ជំនួប Manchester City-Liverpool នៅថ្ងៃអាទិត្យនេះក៏មានការផ្សាយបន្តផ្ទាល់ចាប់ពីវេលាម៉ោង ២៣:៣០ តាមរយៈក្រុមហ៊ុនទូរទស្សន៍ CBS ផងដែរ។