
វិសាខា លើកពានសម្តេចជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប
ក្លិបបាល់ទាត់ វិសាខា បានលើកពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកដំបូង បន្ទាប់ពីបានយកឈ្នះ ណាហ្គាវើលដ៍ នាវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២ ទល់ ០ នាទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច ។ ស្របពេលដែលខេត្ត ព្រៃវែង បានយកឈ្នះ ភ្នំពេញក្រោន ៤ ទល់ ២ ក្លាយជាក្រុមលេខ៣ នៃពានខាងលើ។
កីឡាករដែលសំខាន់ក្នុងការរកគ្រាប់បាល់ជួយក្លិបក្មេងខ្ចីមួយនេះអោយឈ្នះពានសម្តេច រួមមាន កែវ សុខផេង ទាត់បញ្ចូលទីនៅនាទី ៤២ ខណៈដែលអតីតកីឡាករ ណាហ្គាវើលដ៍ ឆេង ម៉េង រកបានគ្រាប់ជ័យជម្នះទី២ នៅនាទីទី៥៧ ។ បើទោះបីជាខំវាយបកយ៉ាងណាក៏ដោយ ណាហ្គាវើលដ៍ មិនអាចបំបែកខ្សែការពារ វិសាខា បាននោះទេ រហូតលោកអាជ្ញាកណ្តាល់ផ្លុំកញ្ចែរបញ្ចប់ការប្រកួត ៩០ នាទីពេញ។
ដូច្នេះហើយ នេះជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ក្លិប វិសាខា ដែលទើបបង្កើតក្លិបនៅឆ្នាំ ២០១៦ និងឡើងមកកាន់លីគកំពូលកម្ពុជានាឆ្នាំ ២០១៨ ខណៈរដូវកាលមុនក្នុងពានរង្វាន់នេះ បានធ្លាក់ត្រឹមវគ្គ១៦ ក្រុមចុងក្រោយ ក្រោមថ្វីជើង ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ២ ទល់ ១ សរុបទាំង២ជើង ៕