គ្រូម៉ាឡេស៊ី ថា ប្រកួតតទល់កម្ពុជាបើកឆាក AFF Cup នឹងតានតឹង
លោក Tan Cheng Hoe គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ទទូចថា ការប្រកួតតទល់កម្ពុជា នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ខាងមុខដែលជាថ្ងៃបើកឆាក AFF Cup 2020 ប្រចាំពូល B នឹងជួបភាពតានតឹង។
“ជាទូទៅ ការប្រកួតដំបូងពិតជាតានតឹង ព្រោះវាត្រូវការពេលសម្រាប់កីឡាករសម្របខ្លួន នេះមិនទាន់គិតពីកង្វះខាតនៃការប្រកួតកម្ដៅសាច់ដុំ មុនចាប់ផ្ដើមការប្រកួតផ្លូវការផង។” នេះបើតាមការលើកឡើងពីគ្រូបង្វឹកវ័យ៥៣ឆ្នាំ។
លោក Tan Cheng Hoe សង្កត់ធ្ងន់ថា កម្ពុជា កំពុងធ្វើបានល្អក្រោមការដឹកនាំពីគ្រូបង្គោល Ryu Hirose និងអ្នកចាត់ការ Keisuke Honda។
“កម្ពុជាកំពុងធ្វើបានល្អ និងមានភាពរីកចម្រើនលឿនមែនទែន។ ពួកគេមានកីឡាករល្អៗមកពីក្លិបកំពូលៗក្នុងស្រុក ដូចជា ចាន់ វឌ្ឍនាកា ជាដើម។ វានឹងមិនងាយស្រួលដូចអ្នករាល់គ្នាគិតទេ។ ខ្ញុំមិនចង់ឲ្យកីឡាករខ្ញុំមានសង្ឃឹមហួសហេតុពេកទេ។ ពួកគេត្រូវតែលេងតាមរបៀបដែលបានរៀបចំ។”
គួរបញ្ជាក់ថា ក្នុងពូល B នេះក្រៅពីម៉ាឡេស៊ី និងកម្ពុចា គឺមានក្រុមការពារតំណែងជើងឯកវៀតណាម, ឥណ្ឌូនេស៊ី និងឡាវ៕