Michael Carrick៖ ដល់ពេលដែលខ្ញុំត្រូវចាកចេញហើយ ប៉ុន្តែខ្ញុំនៅតែជាអ្នកគាំទ្រ Man United រហូត
បន្ទាប់ពីយកឈ្នះ Arsenal ៣ទល់នឹង២កាលពីយប់មិញ Michael Carrick បានសម្រេចចិត្តចាកចេញពី Manchester United ហើយក្រោយបញ្ចប់តំណែងក្នុងនាមជាគ្រូបង្វឹកស្ដីទី ដែលដឹកនាំ៣ប្រកួតដោយមិនស្គាល់ពាក្យថាចាញ់។
ដោយឡែក គ្រូបង្វឹកថ្មី Ralf Rangnick នឹងចូលមកកាន់តំណែងនៅទឹកដី Old Trafford ជំនួសវិញជាមួយនឹងក្រុមការងាររបស់ខ្លួនរហូតដល់ចប់រដូវកាលនេះ។
ថ្លែងក្រោយបញ្ចប់ការប្រកួត បុរសវ័យ៤០ឆ្នាំបាននិយាយថា៖ “បន្ទាប់ពីបានគិត និងពិចារណាយ៉ាងល្អិតល្អន់បំផុត ខ្ញុំបានសម្រេចចិត្តចាកចេញពីនេះ។ ខ្ញុំសូមអរគុណដល់ក្រុមការងារទាំងអស់ ក៏ដូចជាអ្នកគាំទ្រដែលបានផ្តល់ក្តីស្រលាញ់និងការទុកចិត្តមកលើខ្ញុំ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងក្លាយជាអ្នកគាំទ្រ Manchester United វិញម្តង ហើយខ្ញុំនឹងព្យាយាមមកគាំទ្រគ្រប់ការប្រកួតរបស់ក្រុមតាមដែលអាចធ្វើបាន។”
“ឥឡូវនេះខ្ញុំចង់ជូនពរ Ralf និងក្រុមការងាររបស់គាត់ រួមជាមួយកីឡាករទាំងអស់សំណាងល្អចាប់ពេលនេះតទៅ ហើយខ្ញុំនឹងនៅគាំទ្រពួកគេជានិច្ចក្នុងនាមជាប្រិយមិត្តមួយរូប” នេះជាសំដីរបស់ Michael Carrick។
អតីតសមាជិក Tottenham Hotspurs លេងបាន៤៦៤ប្រកួតឱ្យ Manchester United ក្នុងចន្លោះឆ្នាំ២០០៦ដល់ឆ្នាំ២០១៨ ដោយបានឈ្នះពានរង្វាន់ Premier League ៥សម័យ, FA Cup ១សម័យ, League Cups ២សម័យ, UEFA Champions League ១សម័យ, UEFA Europa League និង FIFA Club World Cup ១សម័យផងដែរ។
គួរឱ្យដឹងថា ក្រោយចូលនិវត្តន៍ក្នុងនាមជាកីឡាករ Michael Carrick បានចាប់ផ្តើមប្រឡូកក្នុងវិថីគ្រូបង្វឹកនៅឆ្នាំ២០១៨ ដោយបានធ្វើការជាមួយលោក Jose Mourinho និង Ole Gunnar Solskjaer។