ហូឡង់ជាក្រុមចុងក្រោយនៅអឺរ៉ុបបានកៅអីទៅ World Cup ដោយស្វ័យប្រវត្តិ
ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បានក្លាយជាបេក្ខជននៅអឺរ៉ុបចុងក្រោយគេ ពោលគឺទី១០ដែលទទួលបានកៅអីទៅចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 ដោយស្វ័យប្រវត្តិ ក្នុងនាមជាក្រុមលេខ១ប្រចាំពូល G។
ក្រុមរហស្សនាមមច្ចុរាជពណ៌ទឹកក្រូចបានយកឈ្នះន័រវេស៍ដោយលទ្ធផល២ទល់នឹង០ រកបានគ្រាប់បាល់ពី Steven Bergwijn ក្នុងនាទី៨៤ និង Mephis Depay នាទី៩០+១។
នេះជាលើកទី១១ហើយដែលក្រុមជើងឯករង World Cup 2010 បានឡើងទៅជុំចុងក្រោយ FIFA World Cup។ ពួកគេបានខកខានក្នុងឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោកបានបែងចែកចំនួន១៣កៅអីដល់ជម្រើសជាតិនៅអឺរ៉ុបទៅកាន់ជុំចុងក្រោយ ដោយ១០កៅអីសម្រាប់ក្រុមលេខ១ តាមពូល និង៣កៅអីសម្រាប់ក្រុមឈ្នះវគ្គផ្ដាច់ព្រ័ត្រ Play-Off។
ក្រុមលេខ២តាមពូលនីមួយៗ ក្រុមត្រូវប្រកួត Play-Off បន្តមាន១០ ដូចជា ព័រទុយហ្គាល់, ស្កុតលែន, អ៊ីតាលី, រុស្ស៊ី, ស៊ុយអែត, វេលស៍, តួកគី, ប៉ូឡូញ, ម៉ាសេដ្វាំងខាងជើង និងអ៊ុយក្រែន។ ទន្ទឹមនឹងនេះ ក្រុមបញ្ចប់លេខ១ចំនួន២ក្រុមពីកម្រិត B នៃពាន UEFA Nations League 2020/2021 ទទួលបានកៅអី play-off ផងដែរ។ ២ក្រុមនោះ គឺអូទ្រីស និងសាធារណរដ្ឋឆែក ដូច្នេះសរុបមាន១២ក្រុមប្រកួត play-off យក៣កៅអី ដែលចាប់ផ្ដើមនៅថ្ងៃទី២៤ ខែមីនា និងចប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២៕