Man UTD អត់មានកីឡាករមួយចំនួនមុនប្រកួត Premier League វិញសប្ដាហ៍នេះ
ក្រុមធំ Manchester United បានចាប់ផ្ដើមការហ្វឹកហាត់សាជាថ្មីវិញហើយនៅថ្ងៃពុធ ទី១៣ ខែតុលា ត្រៀមការប្រកួត Premier League សប្ដាហ៍ទី៨ តទល់ Leicester City នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា។ ខណៈ Cristiano Ronaldo មិនទាន់ត្រលប់មកវិញ Paul Pogba និង Jesse Lingard បានចូលរួមការហ្វឹកហាត់វិញហើយ ក្រោយចប់កាតព្វកិច្ចជម្រើសជាតិ។
បើតាមការបញ្ជាក់ពីទំព័រក្រុមបិសាចក្រហម ខ្សែការពារ Raphael Varane មានបញ្ហាក្រលៀនអំឡុងប្រកួតផ្ដាច់ព្រ័ត្រ UEFA Nations League និងត្រូវអវត្តមាន២ទៅ៣សប្ដាហ៍។ ទន្ទឹមនឹងនេះ Harry Maguire មិនទាន់ជាពីបញ្ហារបួសកំភួនជើងនៅឡើយទេដែលកើតឡើងពេលចាញ់ Aston Villa។ Eric Bailly និង Victor Lindelof ទំនងចាប់ដៃគូក្នុងតំបន់ការពារកណ្ដាល។
ជាមួយគ្នានេះ Man UTD ក៏មិនមាន Fred ដែលត្រូវជួយជម្រើសជាតិប្រេស៊ីលជម្រុះ World Cup 2022 តំបន់អាមេរិកខាងត្បូង តទល់អ៊ុយរុយហ្គាយរបស់ Edison Cavani នៅថ្ងៃនេះ។ កីឡាករទាំង២នឹងមិនអាចជួយ Man UTD ប្រកួតចុងសប្ដាហ៍នេះទេ។
ដោយឡែក Marcus Rashford និង Amad Diallo បានសះស្បើយពីបញ្ហារបួសវិញហើយ ប៉ុន្តែ Diallo ត្រូវការពេលថែមទៀតដើម្បី fit។
៣ប្រកួតចុងក្រោយ Man UTD មិនឈ្នះ Leicester City សោះ ដោយស្មើ២ និងចាញ់១។ ប្រសិនបើបិសាចក្រហមមិនឈ្នះសប្ដាហ៍នេះ ពួកគេប្រឈមនឹងការជ្រុះចេញពី Top 4៕