អតីតអ្នកជំនាញទីផ្សារនៅ Barcelona មកជួយក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Football League Company) ដើម្បីជំរុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជា ឈានទៅមុខមួយកម្រិតទៀត។
ក្នុងការឈានទៅបង្កើតអង្គភាពគ្រប់គ្រងក្របខណ្ឌបាល់ទាត់អាជីពកម្ពុជានេះ សហព័ន្ធបានតែងតាំងលោក Satoshi Saito ជានាយកប្រតិបត្តិ។
បុរសជនជាតិជប៉ុនរូបនេះ ធ្លាប់ធ្វើការរយៈពេល៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) មានតួនាទីជានាយករងទីផ្សារ, ប្រធានគម្រោងបាល់ទាត់សម្រាប់អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងធ្លាប់ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិជាច្រើនទៀត។
លោកក៏ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិក្លិបបាល់ទាត់ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ និងជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សារសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ផងដែរ។
ក្នុងការបញ្ជាក់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការបង្កើត Cambodian Football League Company ត្រូវបានផ្តួចផ្តើមឡើងដោយ FFC ដើម្បីធានាដល់ការអភិវឌ្ឍបាល់ទាត់កម្ពុជា ជាពិសេសគោលដៅសម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ទាក់ទងទៅនឹងការបង្កើត Cambodian Football League Company នេះដដែល ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានប្រសាសន៍ថា “៖នេះជាយុគសម័យថ្មីមួយនៃបាល់ទាត់កម្ពុជា។ បើយើងសម្លឹងមើលប្រទេសដែលមានបាល់ទាត់ឈានមុខនៅជុំវិញពិភពលោក ការមានលីគអាជីពប្រកបដោយគុណភាពខ្ពស់ នឹងរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមជម្រើសជាតិ និងពង្រឹងប្រព័ន្ធអេកូបាល់ទាត់ [Football Ecosystem] បានកាន់តែប្រសើរថែមទៀតផង។”
ចំណែកលោក Sathoshi Saito ថ្លែងថា “៖បានមើលឃើញពីការផ្លាស់ប្តូររបស់បាល់ទាត់កម្ពុជាក្នុងរយៈពេល៨ឆ្នាំចុងក្រោយ ជាកិត្តិយសដ៏ធំធេងរបស់ខ្ញុំ ដែលបានរួមចំណែកក្នុងដំណើរនេះ ដើម្បីនាំភាពរុងរឿងដល់បាល់ទាត់កម្ពុជា។ ខ្ញុំប្តេជ្ញាចំពោះគម្រោងផែនការនេះ ហើយបានត្រៀមខ្លួនធ្វើការជាមួយក្លិបសមាជិក និងអ្នកពាក់ព័ន្ធ៕”