ក្រោយប្រកាសក្ស័យធន ក្លិបអ៊ីតាលី Chievo Verona កំពុងដង្ហើយរកម្ចាស់ជំនួយចូលប្រកួតវិញ
Chievo Verona ក្លិបបាល់ទាត់នៅអ៊ីតាលីដែលមានអាយុកាល៩២ឆ្នាំទៅហើយនោះមានគម្រោងប្ដូរឈ្មោះថ្មីទៅជា FC Chievo 1929 និងគ្រោងចូលរួមការប្រកួត Serie C ឬ Serie D។
បើតាមសារព័ត៌មាន Sportmediaset បានស្រង់សម្ដីអតីតខ្សែប្រយុទ្ធ Sergio Pellissier ដែលធ្លាប់លេងឲ្យក្លិបនេះ១៩ឆ្នាំ បាននិយាយថា “នេះជាជំហានបឋម។ បច្ចុប្បន្នក្លិបកំពុងឈរលើមាគ៌ាខ្លួនឯង។ យើងនឹងចាប់ផ្ដើមម្ដងទៀតនៅលីគក្រោមៗ។ វាពិតជាចំាបាច់សម្រាប់ក្លិបដែលត្រូវត្រលប់មកវិញ។ ខ្ញុំមិនបោះបង់ទេ ខ្ញុំមិនអាចចាកចេញទាំងក្លិបកំពុងជួបបញ្ហាទេ។ តាមពិតទៅ យើងត្រូវការពេលវេលា និងការគាំទ្រ។ យើងមានពេលតិចដើម្បីជួយក្រុមមានឲ្យឡើងវិញ។ ខ្ញុំព្យាយាមទាក់ទងម្ចាស់ជំនួយ និងអ្នកមានទ្រព្យធន។ ឥឡូវនេះខ្ញុំមិនទាន់ជោគជ័យទេ តែសង្ឃឹមថា ថ្ងៃបន្ទាប់នឹងមានអ្វីខុសប្លែក។”
ដោយសារតែបញ្ហាហិរញ្ញវត្ថុ Chievo មិនអាចចុះបញ្ជីប្រកួត Serie B រដូវកាល២០២១/២០២២។ កាន់តែពិបាកទៅទៀតនោះ ក្រុមក៏មិនអាចចូលប្រកួតនៅ Serie D បានទៀត បន្ទាប់ពីត្រូវបានដកចេញពី Serie B។
កាលបរិច្ឆេទចុះបញ្ជី គឺនៅថ្ងៃទី២៤ ខែសីហា។ យ៉ាងណា ពុំមានអ្នកជំនួញណា ចាប់អារម្មណ៍ចង់វិនិយោគលើ Chievo នៅឡើយទេ។
ក្នុងបរិបទកូវីដ១៩បច្ចុប្បន្ន ក្លិបជាច្រើននៅអ៊ីតាលីបានប្រកាសបិទទ្វារជាបន្តបន្ទាប់។ ជាក់ស្ដែង កាលថ្ងៃទី១៨ ខែសីហា ក្លិប Novara បានបង្ហាញពីការសងបំណុលទាំងអស់ តែមិនមានលទ្ធភាពបន្តប្រកួតទៀតទេ។ ចំណែក Livorno វិញនៅសល់តែកីឡាករ៦នាក់ ហើយក្រុមការងារ media ក៏ឈប់ផុសរឿងតាំងពីថ្ងៃទី២២ ខែកក្កដា ម្ល៉េះ៕