Roma បានកាតក្រហម៦នាក់បូកទាំង Mourinho និងគ្រូជំនួយ២នាក់ទៀត
កីឡាករ៣នាក់ បូករួមទាំងអ្នកចាត់ការ Jose Mourinho រួមទាំងគ្រូជំនួយ២នាក់ទៀត របស់ AS Roma ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញចេញក្នុងការប្រកួតមិត្តភាពតទល់ម្ចាស់ផ្ទះ Real Betis នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា។
ក្នុងនាទី៥៩ Lorenzo Pellegrini គិតថា បាល់បញ្ចូលទីពី Alex Moreno របស់ Real Betis គឺមិនត្រឹមត្រូវទេ ដោយសារប៉ះដៃ។ កីឡាករ Roma បាននាំគ្នារោមតវាអាជ្ញាកណ្ដាលចំពោះរឿងដែលឲ្យបាល់របស់ Moreno ហ្នឹងចូល។ ស្រាប់តែអាជ្ញាកណ្ដាលដកកាតលឿងទី២ ដល់ Pellegrini (គេបានកាតលឿងម្ដងហើយ)។ លោក Mourinho អ្នកចាត់ការ Roma ខឹងពេកក៏ដើរចូលទីលានតវា ហើយក៏ត្រូវបានអាជ្ញាកណ្ដាលដកកាតឲ្យទៅអង្គុយខាងលើ។
សរុបទៅក្នុងការប្រកួតហ្នឹង Roma បានកាតក្រហម ៦នាក់ គឺ Pellegrini, Mourinho, Gianluca Mancini, Rick Karsdrop, Sacramento (គ្រូជំនួយ) និង Nuno Santos (គ្រូចាំទី)។
សារព័ត៌មាន Goal លើកឡើងថា ជាមួយ Mourinho អត់មានការប្រកួតមិត្តភាពអីទេ។ ក្នុងការប្រកួតនេះ ក្រុមទាំង២លេងអស់ពីសមត្ថភាពតែម្ដង។ មុនឈានដល់បានកាតក្រហម ពួកគេស៊ីគ្នាទៅវិញទៅមក យ៉ាងជក់ចិត្ត។ ទើបតែក្រោយបានកាតក្រហម ទើប Betis មានប្រៀបរកគ្រាប់បាល់បន្តបន្ទាប់។
Roma នៅមានការប្រកួតមិត្តភាពមួយលើកទៀតនៅថ្ងៃទី១៥ ខែសីហា ប៉ះក្លិប Raja នៃប្រទេសម៉ារ៉ុក។ ពួកគេនឹងបើករដូវកាលថ្មីក្របខណ្ឌកំពូលអ៊ីតាលី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ តទល់ Fiorentina៕