រឿងរ៉ាងខ្លះៗក្រោយ Leicester ឈ្នះ Man City លើកពាន Community Shield 2021
Leicester City បានឈ្នះពានរង្វាន់ FA Community Shield ឆ្នាំ២០២១ បន្ទាប់ពីបានយកឈ្នះ Manchester City ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួតនាកីឡដ្ឋាន Wembley នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
Kelechi Iheanacho ទាត់បាល់ពិន័យ១១ម៉ែត្របញ្ចូលទីក្នុងនាទី៨៩ បន្ទាប់ពីរូបគេត្រូវបានខ្សែការពារ Nathan Ake របស់ Man City ធ្វើឲ្យដួលក្នុងប្រអប់អ្នកចាំទី។
នេះជាលើកទី២ហើយដែល Leicester លើកពាន Community Shield ចាប់តាំងពីឆ្នាំ១៩៧១មក។
ខាងក្រោមជារឿងរ៉ាវគួរដឹងមួយចំនួនពីការប្រកួតនេះ ៖
១. Leicester បានឈ្នះការប្រកួតតទល់ Manchester City ក្រៅពីកម្មវិធី Premier League លើកដំបូង ចាប់តាំងពីខែកុម្ភៈ ឆ្នាំ១៩៦៨មក ដែលកាលណោះពួកគេឈ្នះលើក្រុមមេឃខៀវ ៤ទល់នឹង៣ ក្នុងពានរង្វាន់ FA Cup។ ចាប់ពីពេលនោះ ១២ប្រកួតដែលប៉ះ Manchester City ក្រៅកម្មវិធីលីគកំពូលអង់គ្លេស Leicester City មិនដែលឈ្នះសោះ និងទើបឈ្នះវិញក្នុងពាន Community Shield នេះប៉ុណ្ណោះ។
២. លើកលែងតែឆ្នាំ២០១៩ ដែល Manchester City ឈ្នះទាំង Premier League និង FA Cup គឺក្រុមដែលបានឈ្នះ FA Cup បានលើកពាន Community Shield ៦លើកហើយក្នុងចំណោម៧ប្រកួតចុងក្រោយ។ មានតែឆ្នាំ២០១៨ទេដែល Man City ជាម្ចាស់ពាន Premier League បានឈ្នះ Chelsea ម្ចាស់ពាន FA Cup។
៣. Man City ចាញ់៣ប្រកួតក្នុងចំណោម៤ប្រកួតចុងក្រោយនៅ Wembley។
៤. Leicester City ឈ្នះការប្រកួត៣លើកជាប់គ្នានៅ Wembley ដោយមិនរបូតគ្រាប់បាល់។ តែមុនប្រកួតឈ្នះ៣លើកជាប់គ្នាហ្នឹង ពួកគេក៏បានចាញ់៣ដងដូចគ្នាដែរ។
៥. Kelechi Iheanacho ក្លាយជាកីឡាករទី១ដែលទាត់បាល់ពិន័យ១១ម៉ែត្រក្នុងពាន Community Shield (មិនរាប់បញ្ចូលការទាត់កាត់សេចក្ដី) ចាប់ពីលោក Gary McAllister ធ្វើបានសម្រាប់ Liverpool ពេលប៉ះ Manchester United តាំងពីឆ្នាំ២០០១មក។
៦. ក្នុងការប្រកួត៩លើកពីគ្រប់កម្មវិធីតទល់ក្រុមចាស់របស់គេ Iheanacho រកបានគ្រាប់ដំបូងក្នុងសំណាញ់ Manchester City ដែលនេះជាការព្យាយាមលើកទី៦សម្រាប់គេពេលប៉ះក្រុមចាស់មួយនេះ។
៧. Samuel Edozie (អាយុ១៨ឆ្នាំ និង១៩ថ្ងៃ) និង Ben Knight (១៩ឆ្នាំ និង៥៤ថ្ងៃ) ក្លាយជាកីឡាករវ័យក្មេងទី១៧ និង១៨ ដែលត្រូវបានលោក Pep Guardiola ផ្ដល់ឱកាសបង្ហាញខ្លួនក្នុងក្រុមធំ៕