
ប៉ែន សុគង់ បញ្ចប់នៅលេខ៦ក្នុង Heat ទី១
កីឡាកររត់ល្បឿនកម្ពុជា ប៉ែន សុគង់ ទទួលបានចំណាត់ថ្នាក់លេខ៦ក្នុងចំណោមកីឡាករ៩នាក់ក្នុង heat ទី១ នៃវិញ្ញាសារត់១០០ម៉ែត្រ។
ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា នៅទីលានកីឡដ្ឋានអូឡាំពិកក្រុងតូក្យូ ប្រទេសជប៉ុន កីឡាករជម្រើសជាតិកម្ពុជារូបនេះបានប្រើពេល១០វិនាទីចុច០២ នាំមុខកីឡាករអាហ្វហ្គានីស្ថាន, គីរីបាទី និងអាមេរិកសាម័រ។
នេះជាលើកទី១ហើយដែលកីឡាករមកពីក្លិបក្រសួងការពារជាតិចូលរួមព្រឹត្តិការណ៍អូឡាំពិក និងស្ថិតក្នុងចំណោមអត្តពលិកកម្ពុជា៣រូបដែលបានទៅប្រកួតនៅប្រទេសជប៉ុន។ គេមិនអាចបន្តទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានទេ។
អត្តពលិក២រូបទៀត គឺហែលទឹក វិញ្ញាសា៥០ម៉ែត្រសេរីរបស់កម្ពុជាបានបញ្ចប់ទៅនៅថ្ងៃសុក្រ ទី៣០ ខែកក្កដា ដោយកីឡាករ ហែម ប៉ុច បានបញ្ចប់នៅលេខ៤ ក្នុង heat 4 (ទាំងអស់១០ heat) ដោយចំណាយពេល២៤វិនាទីចុច៩១។ ចំណែកកីឡាករហែលទឹកកម្ពុជា ឃឺន ប៊ុនពេជ្រ បានចំណាយពេល ២៩វិនាទីចុច៤២។
ដូច្នេះកម្ពុជាបញ្ចប់យុទ្ធនាការអូឡាំពិក ២០២០ របស់ខ្លួននៅព្រឹកថ្ងៃទី៣១ ខែកក្កដា នេះហើយ៕