ខ្លះៗពីក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាល់ទាត់បុរសអូឡាំពិក
ក្រោយបញ្ចប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយបាល់ទាត់បុរសអូឡាំពិកដែលមានការទាត់បញ្ចូលទីគ្នាទៅវិញទៅមកដល់ទៅ១៧គ្រាប់ ក្រុមចំនួន៤បានទៅឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្ត។
ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ក្រុមកូឌីវ័របាននាំមុខអេស្ប៉ាញដល់ទៅ២លើក។ ផ្ទុយទៅវិញ កំហុសពីតំបន់ការពារធ្វើឲ្យក្រុមមកពីទ្វីបអាហ្វ្រិកចាញ់អេស្ប៉ាញ២ទល់នឹង៥ ហើយក្រុមរហ្សសនាមគោជល់ក៏ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
Rafa Mir ជាកីឡាករដ៏លេចធ្លោមួយរូបក្នុងក្រុមអេស្ប៉ាញ។ គេត្រូវបានប្ដូរចូលក្នុងនាទី៩០+២ ហើយក៏តាមស្មើ២ទល់នឹង២ឲ្យអេស្ប៉ាញ មុនឈានទៅរកបាន២គ្រាប់ទៀត ធ្វើឲ្យគេបាន hat-trick ក្នុងម៉ោងបន្ថែម១៥នាទី២ដង។ ក្រុមរហស្សនាមគោជល់ក៏បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអូឡាំពិកជាលើកដំបូងក្នុងរយៈពេល២១ឆ្នាំ។
គូប្រកួតរបស់អេស្ប៉ាញក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺក្រុមម្ចាស់ផ្ទះជប៉ុន។ ក្រុមម្ចាស់ផ្ទះនេះបានយកឈ្នះន័រវេសេឡង់ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៤ទល់នឹង២ ក្រោយស្មើគ្នា០ទល់នឹង០។
ប្រេស៊ីលជាក្រុមមួយទៀតដែលបានឡើងទៅកាន់វគ្គកណ្ដាលផ្ដាច់ព្រ័ត្រផ្នែកបុរស អូឡាំពិក ២០២០ នេះ។ ទោះត្រូវបានមើលឃើញថាជាក្រុមដ៏ឈានមុខមួយ ក្រុមតំណាងអាមេរិកខាងត្បូងនេះជួបការលំបាកច្រើនដែរពេលប៉ះអេហ្ស៊ីប។ គ្រាប់បាល់ពី Matheus Cunha បានផ្ដល់ជ័យជម្នះត្រឹម១ទល់នឹង០ ហើយរុញប្រេស៊ីលទៅមុខមួយជំហានក្នុងការការពារមេដាយមាសរបស់ខ្លួន។
ក្នុងការប្រកួតចុងក្រោយនៃវគ្គ៨ក្រុម ក្រុមម៉ិកស៊ីកូទាត់ចូលគ្នាដល់ទៅ៩គ្រាប់។ ២ប្រកួតចុងក្រោយក្នុងវគ្គចែកពូល កូរ៉េខាងត្បូងរកបានដល់ទៅ១០គ្រាប់ តែដល់ពេលប៉ះម៉ិកស៊ីកូវិញ ក្រុមតំណាងអាស៊ីមួយបានចាញ់ដល់ទៅ៣ទល់នឹង៦។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែសីហា ដោយម៉ិកស៊ីកូជួបជាមួយប្រេស៊ីល និងអេស្ប៉ាញប៉ះជប៉ុន៕