ភ្លេងជាតិបន្លឺឡើងក្នុងពិធីបំពាក់មេដាយ ដល់កីឡាករ យ៉ុង ម៉េងលី ដែលឈ្នះមេដាយមាសដំបូងឱ្យកម្ពុជា (មានវីដេអូ)
នៅថ្ងៃនេះពេលរសៀល កម្ពុជា បានរកមេដាយមាស១ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០១៩នៅប្រទេសហ្វីលីពីនហើយ ដោយកីឡាករ យ៉ុង ម៉េងលី លើប្រភេទកីឡាល្បុក្កតោ Arnis។
នេះជាមេដាយមាសទី១របស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះដោយកីឡាករ យ៉ុង ម៉េងលី ដណ្តើមបានមេដាយមាសដោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន VALENZUELA BILLY JOEL នៅវគ្គផ្តាច់ព្រ័ត្រ។
ភ្លេងជាតិបន្លឺឡើង រួមជាមួយទង់ជាតិខ្មែរអណ្តែតខ្ពស់ក្នុងពិធីបំពាក់មេដាយ ដល់កីឡាករ យ៉ុង ម៉េងលី ដែលឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis វិញ្ញាសា Full contact Padded Stick Weight 60-65។
ឯកឧត្តម វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេមកម្ពុជាបានបញ្ជាក់ថា មេដាយមាសទី១របស់កម្ពុជាពីស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺទទួលបាននៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ដណ្តើមបានដោយកីឡាករ យ៉ង់ ម៉េងលី លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ខណៈមេដាយចំនួន៩គ្រឿងផ្សេងទៀតបានមកពីកីឡាស៊ីដក់ លើវិញ្ញាសាទាត់សីចូលកន្ត្រក មេដាយប្រាក់១គ្រឿង និងមេដាយប្រាក់២គ្រៀងទៀត រកបានលើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis កីឡាករ យ៉ុង ម៉េងលី លើវិញ្ញាសាប្រយុទ្ធបុរស Live Stick ទម្ងន់ ៦០-៦៥គីឡូក្រាម និងកីឡាការិនី ស៊ីវន្នី សូនីតា លើវិញ្ញាសាប្រយុទ្ធនារី ទម្ងន់ ៥៥-៦០ គីឡូក្រាម។ ចំពោះសំរឹទ្ធិ៦គ្រឿងទៀតរកបានលើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis ដែរ ដោយកីឡាករ ឌីម ង៉ែត ទម្ងន់ក្រោម៥៥ សំរឹទ្ធិ, សុខ ឈុនទំងន់ ៥៥-៦០, មឿន ប៊ុនលី ទំងន់ លើ៦៥ ខណៈវិញ្ញាសា Live Stick នារី កីឡាការិនី ខៀវ ចិន្ដារ័ត្ន ទម្ងន់ក្រោម ៥០គីឡូក្រាម, យស់ សញ្ចនា ទម្ងន់ ៥០-៥៥ និងកីឡាការិនិ បួ ចន្ទី លើទម្ងន់៦០។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន គឺកម្ពុជាបញ្ជូនប្រតិភូ មន្ត្រី កីឡាករ កីឡាការិនីសរុប៤៤៧នាក់ ហើយមានប្រភេទកីឡាចំនួន៣១។ គិតមកដល់ត្រឹម ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាករ កីឡាការិនីលើប្រភេទកីឡាមួយចំនួនមិនទាន់មកដល់ហ្វីលីពីនអស់នៅឡើយ ដោយសារកីឡាខ្លះត្រូវមកប្រកួតនៅចុងព្រឹត្តិការណ៍ ពោលគឺថ្ងៃទី០៧ ខែធ្នូ ខាងមុខទើបមកដល់ទាំងអស់៕
ប្រភព៖ AKP
វីដេអូបំពាក់មេដាយ៖
ពិធីបំពាក់មេដាយ ដល់កីឡាករ យ៉ុង ម៉េងលី ឈ្នះមេដាយមាស១គ្រឿង លើប្រភេទកីឡាប្រពៃណីហ្វីលីពីន Arnis វិញ្ញាសា Full contact Padded Stick Weight 60-65 សម្រាប់ការប្រកួតថ្ងៃទី២ ធ្នូ។
Posted by Cambodia SEA GAMES 2023 on Sunday, 1 December 2019