លោក Mauricio Pochettino គួរតែបំភ្លេច Arsenal និងរង់ចាំ Ole Gunnar Solskjaer ត្រូវបណ្តេញចេញពី Manchester United
(BC-99)
បើយោលទៅតាមសារព័ត៌មាន Metro របស់ចក្រភពអង់គ្លេសបានចុះផ្សាយអោយដឹងថា អតីតកីឡាកររបស់មាន់ខ្នាយមាស Tottenham Hot Spur Jermaine Jenas បានរំអុកអោយលោក Mauricio Pochettino ឈប់រំពឹងលើការងារជាអ្នកដឹកនាំក្រុមកាំភ្លើងធំ Arsenal ដែលនៅទំនេរ តែគួររង់ចាំជំនួសកន្លែងរបស់ Ole Gunnar Solskjaer នៅ Manchester United ។
ក្លិបកាំភ្លើងធំ Arsenal បានកំណត់មុខសញ្ញាអតីតអ្នកចាត់ការក្រុមមាន់ខ្នាយមាសលោក Pochettino យកមកធ្វើជាអ្នកជំនួសតំណែងពីលោក Unai Emery បន្ទាប់ពីបណ្តេញចេញពីការងារក្រោយពីគ្រប់គ្រងកាំភ្លើងធំអស់រយៈពេល ១៨ ខែរួចមក។ Pochettino បានដឹកនាំ Spurs ឆ្ពោះទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនប៉ុន្តែបែជាត្រូវបាត់បង់ការងារដ៏គួរឱ្យភ្ញាក់ផ្អើលនិងត្រូវជំនួសដោយលោក Jose Mourinho ។
Arsenal បានដាក់ឈ្មោះបុរសើសញ្ជាតិអាហ្សង់ទីនរូបនេះឋិតនៅមុខគេបំផុតហើយក៏កំពុងតែអោយភ្នាក់ងាររបស់ខ្លួនណាត់ពេលវេលាជួបលោក Pochettino អោយបានលឿនតាមតែអាចធ្វើទៅបាន។
ស្របពេលជាមួយគ្នានេះដែរអតីតខ្សែការពាររបស់មាន់ខ្នាយមាស Jermaine Jenas បានផ្តល់ជាយោបល់ថាការទៅដឹកនាំ Arsenal ដែលជាគូប្រជែងដ៏ខ្លាំងក្លាជាមួយ Spurs នៅរាជធានី London វាមិនមានភាពល្អប្រសើរចំពោះរូបលោកទេ សូម្បីតែកីឡាករ Spurs នាពេលបច្ចុប្បន្នក៏មិនចង់ឃើញរឿងបែបនេះដែរ។ តាមយោបល់របស់គេ លោក Mauricio Pochettino គួរតែបំភ្លេចរឿងដឹកនាំកាំភ្លើងធំ Arsenal តែគួរតែរង់ចាំធ្វើជាអ្នកដឹកនាំនៅ Old Trafford វិញព្រោះអនាគតរបស់ Ole Gunnar Solkjaer នៅក្រុម Manchester United ក៏មិនអាចធានាបានយូរអង្វែងនុះទេ។