ឃាត់ខ្លួនកីឡាករ Everton ម្នាក់ពីបទបៀតបៀនផ្លូវភេទកុមារ
កីឡាករបាល់ទាត់មួយរូបនៅក្លិប Everton ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីស៊ើបអង្កេតពាក់ព័ន្ធករណីបៀតបៀនផ្លូវភេទកុមារ។
សារព័ត៌មាន Daily Mail បង្ហើបអត្តសញ្ញាណខ្លះៗថា កីឡាកររូបនោះជាអ្នករៀបការរួចទៅហើយ និងមានវ័យ៣១ឆ្នាំ តែពុំទាន់មានការបង្ហាញផ្លូវការនៅឡើយ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេតលើរឿងនេះ។
បើតាមសារព័ត៌មាន AP គឺ Everton បានព្យួរកីឡាករក្រុមធំរូបនេះ និងកំពុងសហការជាមួយសមត្ថកិច្ចដើម្បីស៊ើបអង្កេតជាបន្ត តែមិនទាន់ប្រកាសព័ត៌មានអ្វីស៊ីជម្រៅដែរ។
ប្រភពមួយចំនួនសង្ស័យថា កីឡាករដែលត្រូវបានឃាត់ខ្លួននេះ គឺជាខ្សែបម្រើ Gylfi Sigurdsson។
សារព័ត៌មាន the Sun របស់អង់គ្លេសរាយការណ៍ថា កីឡាករ Everton ពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយឮហេតុការណ៍នេះ។ ចំណែកសារព័ត៌មាន Daily Mail ឲ្យដឹងថា ភ្នាក់ងាររបស់ Sigurdsson បានបដិសេធមិននិយាយពីបញ្ហានេះឡើយ៕