Mourinho កាន់តែសរសើរ Shaw កាន់តែមិនសប្បាយចិត្ត
(BC-99)
នាអំឡុងពេលធ្វើសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតដែល អង់គ្លេស បានយកឈ្នះលើ អ៊ុយក្រែន ៤-០ នាកម្មវិធីដណ្តើមពានរង្វាន់ EURO 2020 វគ្គ៨ក្រុមចុងក្រោយរួចមក Luke Shaw បាននិយាយទៅដល់អតីតអ្នកចាត់ការទូទៅរបស់បិសាចក្រហមលោក Jose Mourinho ហេតុអ្វីបានជាបុរសសញ្ជាតិ ព័រទុយហ្គាល់ រូបនេះនៅតែរម្លឹកឈ្មោះគេយ៉ាងដូច្នេះ។
ជាការពិតណាស់អ្នកទាំងពីរទំនងជាមានបញ្ហាល្អក់កករជាមួយគ្នានាអំឡុងពេលដែលលោក Jose នៅជាអ្នកក្តោបក្តាប់ក្រុម Man Utd។ នាអំឡុងពេលនោះដែរបុរសដែលត្រូវបណ្តេញចេញពីក្លិបរូបនេះតែងតែធ្វើការរិះគន់ចំពោះខ្សែការពារ Luke Shaw ថាមិនអាចលេងតាមរូបមន្តរបស់លោកបានដោយសារតែបញ្ហាទម្ងន់។
លោក Jose នៅតែបន្តដៀមដាមដល់ Shaw ជាបន្តបន្ទាប់ទៀតនៅក្រោយពេលដែលលោកបានចាកចេញពី Old Trafford មកដឹកនាំក្រុម មាន់ខ្នាយមាស Tottenham Hot Spur ដោយនៅពេលនោះលោកបានអួតសរសើរកីឡាករថ្មីដោយធៀបនិង Shaw ដែលជាអតីតកីឡាករដែលធ្លាប់នៅក្រោមការគ្រប់គ្រងរបស់លោក។
ទើបតែនៅអំឡុងពេលប្រកួត EURO នេះទេដែលអ្នកចាត់ការទូទៅពូកែសម្តីម្នាក់នេះបែជាមកចេញសរសើរពីសមត្ថភាពរបស់ខ្សែការពារ Luke Shaw ថាលេងបានល្អនិងជាកំពែងដ៏រឹងមាំជាមួយដៃគូដែលមាន Maguire, Stone និង Walker។ លោក Mourinho ថែមទាំងហ៊ាននិយាយថាកីឡាករ ដាណឺម៉ាក នឹងពិបាករកគ្រាប់បាល់ពេលប៉ះ អង់គ្លេស នៅវគ្គ ១/២ ផ្តាច់ព្រ័ត្រខ្លាំងណាស់នាយប់ថ្ងៃពុធខាងមុខនេះ។
Shaw បាននិយាយប្រាប់អ្នកសារព័ត៌មានថា ខ្លួនពិតជាមិនយល់ថាហេតុអ្វីបានជាលោក Mourinho តែងតែយកឈ្មោះគេទៅពាក់ព័ន្ធមិនឈប់ឈរហើយក៏បានផ្តាំផ្ញើឋឱ្យគ្រូបង្វឹកថ្មីរបស់ក្លិប Roma រូបនេះបញ្ឈប់ការព្រូយបារម្ភចំពោះរូបគេទៀតទៅ។